សង្ស័យដុតទៀនចោលក្នុងផ្ទះ ខណៈម្ចាស់ផ្ទះចេញទៅក្រៅបាត់ ស្រាប់តែមានអគ្គិភ័យឆេះចេញជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅតែម្ដង​ អ្នកជិតខាងភ័យស្លន់ស្លោជញ្ជូនឥវ៉ាន់សឹងមិនទាន់!

រាជធានីភ្នំពេញ​ ៖ មានករណីអគ្គីភ័យមួយកន្លែងស្ថិតនៅផ្ទះលេខ១៣ក ផ្លូវ៣៥៩ ភូមិដេីមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ ចុះអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​ ចេញជួយអន្តរាគមន៍បាញ់ពន្លត់​ ​កាលពីវេលាម៉ោង០៤:២០នាទីល្ងាច ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ។

បេីតាមរបាយការណ៍របស់ការិយាល័យបង្ការ​និងពន្លត់អគ្គិភ័យ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ បានអោយដឹងថា​ ផ្ទះដែលបង្កជាអគ្គិភ័យ មានម្ចាស់ផ្ទះឈ្មោះ ឡេង សារុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបប(គ្មាន) បណ្ដាលឲ្យខូចខាតផ្ទះទំហំ (៣x១) ឈេីប្រកសង្ក័សី ខូចខាតទាំងស្រុង ។ តាមការសន្និដ្ឋានរបស់ជំនាញអគ្គិភ័យករណីនេះកំពុងស្ថិតក្នុងការស្រាវជ្រាវបន្ត។

ចំណែកផ្ទះរងគ្រោះមានឈ្មោះ ម៉ៅ វុធឌី អាយុ ៥៦ឆ្នាំ ភេទប្រុស មុខរបប(នៅផ្ទះ) បណ្ដាលឲ្យខូចខាតផ្ទះទំហំ(៦x១0) ឈេីប្រកសង្ក័សី ខូចខាតទាំងស្រុង និងឆេះរាលដាលដល់​អាគារសាលាបឋមសិក្សារច្បារអំពៅ ជាន់ផ្ទាល់ដី​និងជាន់ទី១ អស់ចំនួន៤បន្ទប់ សរុបគ្រោះមហន្តរាយអគ្គិភ័យនេះ បណ្ដាលឲ្យខូចខាតផ្ទះអស់ចំនួន២ខ្នងទាំងស្រុង និងបន្ទប់ថ្នាក់រៀនអស់ចំនួន៤បន្ទប់ និងមិនបណ្ដាលឲ្យន​ណាម្នាក់រងរបួសទេ ។

ប្រភពពីអ្នកជិតខាងបានប្រាប់ឲ្យក្រុមការងារយេីងថា មុនពេលកើតហេតុ​ គេឃេីញមានអណ្ដាតភ្លេីងឆេះចេញពីក្នុងផ្ទះឈ្មោះ ឡេង សារុន តែមិនឃេីញម្ចាស់នៅផ្ទះ គេសង្ស័យថា ផ្ដេីមចេញពីការដុតទៀនចោលក្នុងផ្ទះបង្កការឆាបឆេះតែម្ដង​ ព្រោះកន្លងមកផ្ទះកេីតហេតុតែងតែ​មានការធ្វេសប្រហែសដុតទៀនចោលបែបនេះជាញឹកញាប់ ។ តែទោះបីជាយ៉ាងណាក៏ដោយ​ ក្រុមការងារជំនាញអគ្គិភ័យ កំពុងធ្វេីការស្រាវជ្រាវសិន ។

អគ្គីភ័យនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដូចជា ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ០៦គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ០២គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌច្បារអំពៅ ០១គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជា ០១គ្រឿង សរុប ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤០ម៉ែត្រគូប​ បានរលត់ជាស្ថាពរនាវេលាម៉ោង០៤:៥០នាទីនាថ្ងៃខែឆ្នាំដដែល ។