ថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ទាំងសន្តិសុខ ទាំងសណ្តាប់ធ្នាប់មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយ ប្រមាណជិត១លាននាក់​ មកពីគ្រប់ទិសទី!

រាជធានីភ្នំពេញ​ ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី២ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ពិនិត្យជារួមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋមកចូលរួមកំសាន្តសប្បាយ ប្រមាណ៩០ម៉ឺននាក់ ទៅ ១លាននាក់​ឯណោះ​ ។សភាពការណ៍បទល្មើសពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់នោះទេ ដោយក្នុងនោះកើតមានបទល្មើសដូចជា ៖ ករណីលួច ១លើក បាត់ម៉ូតូ ១គ្រឿង. សភាពការណ៍គ្រោះថ្នាក់ផ្សេងៗរួមមាន៖ លិចទូក ១លើក, អន្តរាគមន៍ជួយទូកអុំលិច ១គ្រឿង, សង្គ្រោះកីឡាករអុំទូកលិចចំនួន ២៤នាក់ ដោយសុវត្ថិភាព។លទ្ធផលអន្តរាគមន៍ និងសង្រ្គោះ៖ ជួយសង្គ្រោះក្មេងវង្វេងគ្រួសារចំនួន ១៤លើក ស្មើ ១៤នាក់ ប្រគល់ជូនក្រុមគ្រួសារ, និងឃាត់ជនស៊ីវិលប្រុសស្រី ពាក់អាវមានអក្សរ Police និង ARMY ចំនួន ១៣នាក់ ធ្វើការអប់រំ ដកហូតអាវ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ, ចែកបណ្ណស្តីពីបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យ បានចែកជូនប្រជាពលរដ្ឋ អាជីករ ចំនួន ៤១៧សន្លឹក ។សូម​បញ្ជាក់​ថា​នៅ​ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យអុំទូក ​បណ្ដែត​ប្រ​ទី​ប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ឆ្នាំ​នេះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ​ បាន​ត្រៀមកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង១៣.០០០នាក់ ​(មួយ​ម៉ឺន​បី​ពាន់​នាក់)​ សម្រាប់​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ខណៈ​ទូក​អុំ​មានការ​កើនឡើង​រហូត​ដល់​២៩៥​ទូក​ និង​កីឡាករ​ជិត​ពីរ​ម៉ឺន​នាក់​។​ដោយឡែកថ្ងៃទី២នេះ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានទូកចូលរួមប្រកួតចំនួន ២៩៥ទូក (ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក)។យ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកទាំងអស់ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ល្បាត និងការពារក្នុងភូមិសាស្ត្រជ៉ំវិញទីតាំង​សំខាន់ៗ​ទាំងអស់ ដើម្បីធានាសុខសន្តិភាព សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏បរទេសចូលរួមទស្សនាក្នុងការប្រារព្ធពិធី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋនៅពេលដែលមានបញ្ហាកើតឡើងជាយថាហេតុ។នៅថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែង ដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង៩០ម៉ឺននាក់ ទៅ១លាននាក់ មកពីគ្រប់ទិសទី ទន្ទឹមនឹងនេះ​ គឺបានបង្ហាញអោយកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍ បរទេស បានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់ ប្រពៃណី ដ៏ថ្លៃថ្លាបំផុត របស់ជាតិសាសន៍ខ្មែរយើងផងដែរ។

ដូច្នេះ​សូមគោរពអញ្ជើញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរណ៍បរទេសចូលរួមកំសាន្តសប្បាយ រីករាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកជាបន្តទៀត នៅថ្ងៃនេះ ដែលជាថ្ងៃទី៣ និងជាថ្ងៃ​កាត់​ព្រ័ត្រ​ ផងដែរ៕ (បណ្ដាញព័ត៌មានហង្សតូច)