វៀតណាម ប្រកាសពីការចុះខ្សោយព្យុះនេសាទ តែឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ន ព្រោះបង្កឱ្យមានភ្លៀង ខ្យល់បក់ខ្លាំង ឯកម្ពស់ទឹករលកក៏ខ្ពស់

មជ្ឈមណ្ឌលជាតិការព្យាករណ៍ឧតុនិយមរបស់ប្រទេសវៀតណាម បានរាយការណ៍ថា ព្យុះនេសាទ (Nesat) បានចាប់ផ្តើមចុះខ្សោយហើយ បន្ទាប់ពីបានប៉ះទង្គិចជាមួយនឹងផ្នែកត្រជាក់នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ ហើយវាត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះទៅជាព្យុះត្រូពិចក្នុងរយៈពេលពីរថ្ងៃបន្ទាប់ទៀតនេះ។

គិតត្រឹមម៉ោង ៤ ទៀបភ្លឺ ព្រឹកថ្ងៃទី ១៩ នេះ ព្យុះ Nesat ស្ថិតនៅពីលើតំបន់ដែនសមុទ្រភាគខាងជើងនៃប្រជុំកោះ Hoang Sa (Paracel) របស់ប្រទេសវៀតណាម ដែលមានកម្លាំងខ្យល់បក់ពី ៨៩ ទៅ ១១៧ គីឡូម៉ែត្ រក្នុងមួយម៉ោង។ វាត្រូវបានព្យាករណ៍ថានឹងធ្វើដំណើរទៅទិសនិរតី ហើយនឹងចុះខ្សោយបន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់។ ព្យុះនេះនឹងស្ថិតនៅចម្ងាយ ១២០ គីឡូម៉ែត្រ ភាគខាងកើតនៃខេត្ត Quang Binh និង ខេត្ត Thua Thien-Hue នៅភាគខាងជើង ភាគកណ្តាលនៃប្រទេសវៀតណាម។

ល្បឿនខ្យល់ជាមធ្យមនឹងថយចុះមកនៅត្រឹម ៦២ ទៅ ៧៤ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ព្យុះ Nesat នឹងធ្វើដំណើរទៅភាគពាយ័ព្យក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងបន្ទាប់ ហើយត្រូវបានបន្ទាបសម្ពាធពីព្យុះត្រូពិចមកជាព្យុះសម្ពាធទាប ដោយទីភ្នាក់ងារឧតុនិយមជប៉ុនក៏បានព្យាករណ៍ផងដែរថា ព្យុះនេះនឹងចុះខ្សោយទៅជាព្យុះត្រូពិចនៅភាគពាយព្យនៃប្រទេសវៀតណាមក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ ព្យុះនេះនឹងនៅតែបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និង កម្ពស់ទឹករលកខ្ពស់ៗនៅតាមតំបន់ភាគខាងជើងនៃសមុទ្រវៀតណាមខាងកើត។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ១៩ ខែតុលា នេះ ភាពត្រជាក់បានកើនឡើង ហើយជះឥទ្ធិពលទៅលើលក្ខខណ្ឌអាកាសធាតុនៅក្នុងតំបន់ភាគខាងជើង និង ខេត្ត Thanh Hoa ភាគខាងជើងនៃប្រទេសវៀតណាម។ នេះដោយសារតែឥទ្ធិពលរួមនៃខ្យល់ត្រជាក់ និង ការធ្វើដំណើរនៃព្យុះ Nesat ធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នឹងធ្វើឱ្យសើមនៅភាគខាងជើង និង ភាគកណ្តាលខាងជើងនៃប្រទេសវៀតណាមចាប់ពីរសៀលថ្ងៃទី ១៩ ខែតុលា នេះ រហូតដល់ ថ្ងៃទី ២០ ខែតុលា ស្អែក។

ចាប់ពីយប់ថ្ងៃទី ២០ ខែតុលា ស្អែកនេះទៅ កម្រិតទាបជាមធ្យមនឹងធ្លាក់ចុះដល់ ១៦ ទៅ ១៨ អង្សាសេ នៅតំបន់ដីសណ្តទន្លេក្រហម និង ខេត្ត Thanh Hoa ហើយ ១៣ ទៅ ១៥ អង្សាសេនៅតំបន់ភ្នំ៕