ឈៀងម៉ៃ ប្រទះរញ្ជួយដី ៤.១ រឺចទ័រ ផ្អើលអស់ប្រជាពលរដ្ឋរត់ចេញពីផ្ទះទាំងកណ្តាលយប់

នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២​ នេះ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃបានឱ្យដឹងថា មានការរញ្ជួយដីមួយបានកើតឡើងនាខេត្តឈៀងម៉ៃ ប្រទេសថៃ កម្លាំងប្រមាណប្រហែល ៤.១ រឺចទ័រ ជម្រៅ ២ គីឡូម៉ែត្រ ដែលធ្វើឱ្យប្រជាជនភ័យអស់រត់សឹងមិនទាន់។

ក្នុងនោះ តាមព័ត៌មានបានឱ្យដឹងថា ការរញ្ជួយនេះបានចាប់ផ្តើមកើតឡើង នាយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ហើយស្រុកប្រហែលជា ៧ ស្រុក នៅក្នុងខេត្តឈៀងម៉ៃនេះ បានទទួលដឹងការរញ្ជួយខ្លាំងគេ ប៉ុន្តែមិនមានការរាយការណ៍ពីការរងការខូចខាតអ្វីច្រើននោះទេ។

យ៉ាងណាមិញ បើទោះជាមិនមានការខូចខាតអ្វីច្រើនក៏ដោយ ប៉ុន្តែហេតុការណ៍មួយនេះ ពិតជាបានធ្វើឱ្យប្រជាជនជាច្រើនក្នុងខេត្តឈៀងម៉ៃ មានការភ័យតក់ស្លុតមិនស្ទើរនោះទេ ព្រោះបានកើតឡើងនាពេលយប់ ដែលមិនបានត្រៀមជាមុន ជាពិសេសគឺមនុស្សចាស់ ភាគច្រើនគឺបានកើតការតក់ស្លុតភ័យខ្លាចខ្លាំង រហូតដល់ត្រូវការការសង្រ្គោះបឋមទៀតផង។

ដោយឡែក ប្រជាជននៅខេត្តឈៀងម៉ៃជាច្រើន បានចែករំលែកវីដេអូនៃការរញ្ជួយនៅផ្ទះរបស់ខ្លួននៅតាមបណ្តាញសង្គម ដែលធ្វើឱ្យមហាជនផ្សេងៗនាំគ្នាព្រួយបារម្ភជាខ្លាំង។ យ៉ាងណាមិញ អាជ្ញាធរខេត្តឈៀងម៉ៃ ក៏កំពុងតែដោះស្រាយ និងស៊ើបអង្កេតរកការខូចខាតជាបន្តទៀតផងដែរ៕