ស្ដែងៗ! បាក់ស្ពាននៅឥណ្ឌាចំថ្ងៃមានបុណ្យទាន ធ្វើឱ្យមនុស្សរាប់រយនាក់ធ្លាក់ចូលទៅទន្លេ

សារព័ត៌មាន BBC បានចុះផ្សាយនៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ នេះថា យ៉ាងហោចណាស់មានមនុស្ស ៧៨ នាក់បានស្លាប់ បន្ទាប់ពីព្រឹត្តិការណ៍ស្ពានថ្មើរជើងមួយបានបាក់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ហើយមនុស្សរាប់រយនាក់បានធ្លាក់ចូលទៅក្នុងទន្លេ Macchu ក្នុងទីក្រុង Morbi

ហេតុការណ៍បាក់ស្ពានដ៏រន្ធត់នេះ បានកើតឡើងនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ១៨ និង ៤០ នាទី ដែលមានមនុស្សរហូតដល់ ៤០០ នាក់ស្ថិតនៅលើស្ពាននាពេលនោះ ដែលក្នុងនោះក៏មានសាក្សីបញ្ជាក់ថា មានកុមារជាច្រើននាក់ផងដែរ ។ លោក Brijesh Merja រដ្ឋមន្ត្រីនៃរដ្ឋខាងលើបាននិយាយថា មនុស្សជាង ៨០ នាក់ត្រូវបានជួយសង្គ្រោះ ខណៈឧបទ្ទវហេតុនេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីស្ពាននេះត្រូវបានបើកឱ្យប្រើប្រាស់ឡើងវិញបន្ទាប់ពីជួសជុលរួច។

រូបភាពបង្ហាញពីទិដ្ឋភាពច្របូកច្របល់ ខណៈដែលអ្នកមើលនៅលើច្រាំងទន្លេព្យាយាមជួយសង្គ្រោះអ្នកដែលធ្លាក់ទៅក្នុងទឹក ខណៈដែលមេឃចាប់ផ្ដើមងងឹត។ រីឯខ្លះទៀតបង្ហាញពីមនុស្សឡើងលើសំណាញ់លួស ដែលជាសំណាញ់ស្ពានដើម្បីគេចពីទឹក។ តែយ៉ាងណាគេនៅមិនទាន់រកឃើញពីមូលហេតុច្បាស់នៅឡើយ ប៉ុន្តែអាជ្ញាធរក្នុងតំបន់បាននិយាយថា វាមានការកកស្ទះខ្លាំងដោយសារតែវាគឺថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យ Diwali របស់ឥណ្ឌា។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលស្ថិតនៅក្នុងរដ្ឋ Gujarat ដែលជាស្រុកកំណើតរបស់លោក ក្នុងដំណើរការនៃការទស្សនកិច្ចរយៈពេលបីថ្ងៃ បាននិយាយថា លោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ ហើយលោក Modi ក៏បានប្រកាសផ្តល់សំណងដល់អ្នករបួស និង គ្រួសារអ្នកស្លាប់។

គួរបញ្ជាក់ដែរថា ស្ពាននេះត្រូវបានគេសង់ឡើងក្នុងសម័យដែលអង់គ្លេសបានដាក់អាណានិគមលើប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី ១៩ ដើម្បីឆ្លងកាត់នាសម័យនោះ ដោយវាមានប្រវែង ២៣០ ម៉ែត្រ។ ម្យ៉ាងទៀតនៅទីនោះត្រូវបានគេស្គាល់ថាជាអាងទឹក Julto ដែលវាគឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមនៅក្នុងតំបន់នេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ BBC