ដឹងការពិតហើយ! យន្តហោះ​ម៉ាឡេស៊ី MH 17 ដែលធ្លាក់កាលឆ្នាំ ២០១៤ គឺដោយសារត្រូវគ្រាប់ម៉ីស៊ីលរបស់រុស្ស៊ី

ក្រុម​គ្រួសារ​សាច់​ញាតិ​នៃ​ជន​រងគ្រោះ​ទាំង ២៨៩ នាក់​លើ​យន្តហោះ​ម៉ាឡេស៊ី MH 17 បាន​នាំ​គ្នា​យំ​ឱប​គ្នា ក្រោយ​តុលាការ​ហូឡង់ បាន​ធ្វើ​ការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​បុរស​ចំនួន ៣ នាក់​ពី​បទ​ធ្វើ​ឃាត​ជន​រងគ្រោះ​ទាំង​នោះ។

នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកា ឆ្នាំ ២០២២ កន្លង​ទៅ អតីត​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​សញ្ជាតិ​រុស្ស៊ី​ចំនួន ២ នាក់​ឈ្មោះ Igor Girkin និង Sergey Dubinsky រួម​នឹង​ជនជាតិ​អ៊ុយក្រែន​ម្នាក់​ទៀត​ឈ្មោះ Leonid Kharchenko ត្រូវ​បាន​​តុលាការ​សម្រេច​ចិត្ត​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ជុំវិញ​បទ​ឧក្រិដ្ឋ​បញ្ជា​បាញ់​ម៉ីស៊ីល​ផលិត​ឡើង​នៅ​រុស្ស៊ី​មួយ ទៅ​លើ​យន្តហោះ MH 17។ ដោយ​ឡែក​ចំពោះ​ជន​សង្ស័យ​ទី ៤ ឈ្មោះ Oleg Pulatovដែល​ជា​អតីត​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​របស់​រុស្ស៊ី​ដែរ​នោះ ត្រូវ​បាន​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់ ដោយសារ​តែ​មាន​ភស្តុតាង​មិន​គ្រប់គ្រាន់។

ការ​ចេញ​ប្រកាស​សាលក្រម​របស់​តុលាការ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជនរងគ្រោះ​ទាំង​នោះ យំ​ឱប​គ្នា​ដោយ​ការ​អស់​ចិត្ត​ខ្លះ ព្រោះ​ថា​ទីបំផុត យុត្តិធម៌​ត្រូវ​បាន​ផ្ដល់​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​គេ​ហើយ ក្រោយ​វែកមុខ​រក​ឃាតក​មក​ផ្ដន្ទាទោស​បាន។

គួរ​រំឭក​ថា កាល​ពី​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ ២០១៤ យន្តហោះ​ដឹក​អ្នក​ដំណើរ Boeing 777 ដែល​ហោះហើរ​ចេញ​ពី​ក្រុង Amsterdam ទៅ​ទីក្រុង Kuala Lumpur ត្រូវ​បាន​ផ្ទុះ​ធ្លាក់​ពី​លើ​អាកាស​មក​លើ​ប្រទេស​អ៊ុយក្រែន ដែល​បណ្ដាល​ឱ្យ​អ្នក​ដំណើរ និង បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ទាំង ២៨៩ នាក់​បាត់បង់​ជីវិត​ទាំង​អស់៕