មេដឹកនាំកូរ៉េខាងជើង Kim Jong Un ដឹកដៃកូនស្រីបង្ហាញមុខជាសាធារណៈលើកដំបូង

មេ​ដឹកនាំ​ប្រទេស​កូរ៉េ​ខាង​ជើង លោក Kim Jong Un ថ្មីៗ​នេះ បាន​ធ្វើ​ការ​បង្ហាញ​រូបរាង និង មុខមាត់​កូន​ស្រី​វ័យ ៩ ឆ្នាំ​របស់​លោក​ឱ្យ​ពិភពលោក​បាន​ឃើញ​ជា​លើក​ដំបូង ខណៈ​ពេល​រូប​លោក និង ក្រុម​គ្រួសារ បាន​អញ្ជើញ​ចូលរួម​ដំណើរ​ការ​បាញ់​ម៉ីស៊ីលប៉ាលេស្ទីក​អន្តរទ្វីប​ថ្មី​មួយ។

គួរ​ឱ្យ​ដឹង​ថា​កាល​ពី​មុន មេ​ដឹកនាំ​រូប​នេះ ក៏​ធ្លាប់​បាន​ទម្លាយ​ល្ហៀងៗ​ជុំវិញ​រឿងរ៉ាវ​កូនៗ​របស់​លោក​ ហើយ​ក៏​មាន​ការ​ចង់​ដឹង​ពី​អត្តសញ្ញាណ​កូន​ស្រី​ច្បង​របស់​លោក​ផង​ដែរ ប៉ុន្តែ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ ដែល​សារព័ត៌មាន​ជាតិ KCNA បាន​ទម្លាយ​លម្អិត​ពី​រូបរាង​របស់​នាង​នោះ។

តាម​រយៈ​រូបភាព​ដែល​បាន​ទម្លាយ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​រូប​នោះ គឺ​បាន​ដើរ​កាន់​ដៃ​ឪពុក​របស់​នាង​ជាមួយ​ទឹកមុខ​ញញឹម​ពព្រាយ អំឡុង​ពេល​ពួកគេ​ដើរ​ពិនិត្យ​មើល​គ្រឿង​សភាវុធ​នៅ​បន្ទាយ​កងទ័ព ក៏​ដូច​ជា ការ​ឈរ​មើល​ការ​បាញ់​ម៉ីស៊ីល​ប៉ាលេស្ទីក ពី​ចម្ងាយ​ផង​ដែរ។

គួរ​បញ្ជាក់​ថា ចំពោះ​ឈ្មោះ​របស់​កូន​ស្រី​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​រូប​នេះ គឺ​មិន​មាន​ព័ត៌មាន​ណា​ទម្លាយ​ឱ្យ​បាន​ដឹង​ឡើយ ប៉ុន្តែ​បើ​តាម​អ្នក​ជំនាញ​បាន​គិត​ថា នាង​អាច​មាន​ឈ្មោះ​ថា Kim Ju-ae៕