ខ្លោចចិត្ត!​ កូនអាយុ ៤ ឆ្នាំកំពុងពេញស្រឡាញ់ ទៅសាលារៀនដួលប៉ះតុ មកផ្ទះវិញមិនប៉ុន្មានអស់បុណ្យចោលម្តាយ

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ រឿងរ៉ាវដ៏គួរឱ្យខ្លោចចិត្តមួយកំពុងតែផ្ទុះការចែកចាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកថៃ ដោយមានក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ ទៅសាលារៀន បែរជាដួលប៉ះក្បាលជាមួយតុ មកវិញដល់ថ្នាក់បែកពពុះមាត់ស្លាប់ ធ្វើឱ្យម្តាយឪពុកស្ទើរប្រេះទ្រូង។

តាមស្រ្តីជាម្តាយ បានរៀបរាប់ឱ្យដឹងថា កូនប្រុសរបស់ខ្លួនមានអាយុ ៤ ឆ្នាំ កំពុងរៀនថ្នាក់មតេ្តយ្យ ហើយកាលពីថ្ងៃទី ២២ ខែវិច្ឆិកា​ ឆ្នាំ ២០២២ កន្លងមកនេះ ខាងគ្រូនៅសាលាបានទូរសព្ទមកប្រាប់ថា កូនប្រុសបានដួលប៉ះក្បាលជាមួយនឹងតុរៀនយំខ្លាំងណាស់ តែគ្រូក៏បានជួយស្អំ ជួយលាបថ្នាំឱ្យសព្វគ្រប់ហើយ។

ខណៈមកផ្ទះវិញ ខ្លួនក៏បានសួរនាំអាការកូន ថាឈឺត្រង់ណាប៉ះត្រង់ណាខ្លះ តែមើលទៅក៏មិនឃើញមានស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ ទើបគិតប្រហែលជាមិនមានអ្វីធ្ងន់ធ្ងរ។ ក្រោយមកក៏បាននាំកូនទៅងូតទឹក ហើយឱ្យបៅទឹកដោះគោ ស្រាប់តែគេបានក្អួតយកៗ ខ្លួនក៏បាននាំទៅជម្រះខ្លួនម្តងទៀត រួចក៏បាននាំគេទៅគេង។ កូនគេងបានមួយសន្ទុះ ខ្លួនក៏បានចូលទៅមើលម្តងទៀត ស្រាប់តែឃើញកូនមុខស្លេកលែងដឹងខ្លួន​ ព្រមទាំងមានបែកពពុះមាត់ ខ្លួនពិតជាភ័យខ្លាំងណាស់ ក៏ប្រញាប់យកកូនទៅពេទ្យ តែគួរឱ្យសោស្តាយគ្រូពេទ្យមិនអាចជួយសង្រ្គោះជីវិតគេបានឡើយ ព្រោះមានឈាមហូរចេញពីខួរក្បាលហើយ។

ហេតុការណ៍មួយនេះ បានធ្វើឱ្យស្រ្តីជាម្តាយតក់ស្លុតខ្លាំងណាស់ ហើយក៏មិនអស់ចិត្តផងដែរ ដោយបានទៅសុំខាងសាលារៀនមើលកាមេរ៉ាសុវត្ថិភាព តែខាងសាលាបែរជាប្រាប់ថា កាមេរ៉ាបានខូចបាត់ទៅហើយ ទើបនាងមិនសុខចិត្តក៏បានទាក់ទងទៅខាងអាជ្ញាធរឱ្យជួយរកយុត្តិធម៌។ យ៉ាងណាមិញ ខាងអាជ្ញាធរបាន និង កំពុងតែប្រមូលភស្តុតាង រួចនឹងដំណើរការត្រួតពិនិត្យផងដែរ ដោយធានាថា នឹងផ្តល់យុត្តិធម៌ឱ្យភាគីទាំងសងខាង៕