ឥណ្ឌូនេស៊ី ជម្លៀសពលរដ្ឋជិត ២ ពាន់នាក់ភ្លាមៗ ក្រោយភ្នំភ្លើងមួយផ្ទុះនៅកោះជ្វា

ភ្នំ​ភ្លើង Semeru នៅ​ខេត្ត East Java ប្រទេស​ឥណ្ឌូនេស៊ី បាន​ផ្ទុះ​ឡើង ជះ​ផ្សែង និង ផេះ​ខ្មួលខ្មាញ់​ឡើង​លើ​អាកាស​ក្នុង​កម្ពស់ ១៥ គីឡូម៉ែត្រ និង បណ្ដាល​ឱ្យ​អាជ្ញាធរ​ក្នុង​តំបន់ ចេញ​ការ​ប្រកាស​អាសន្ន​ជម្លៀស​ប្រជាពលរដ្ឋ​ជិត ២ ពាន់​នាក់​ភ្លាមៗ។

មក​ទល់​ពេល​នេះ មិន​ទាន់​មាន​របាយការណ៍​ណា​ជាក់លាក់ បញ្ជាក់​ពី​អ្នក​ស្លាប់ និង របួស​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ ដង​ផ្លូវ​ភាគ​ច្រើនត្រូវ​បាន​ប្រកាស​បិទ ខណៈ​កំទេច​ផេះ​ភ្នំ​ភ្លើងបាន​ជះ​សាយភាយ​គ្រប​ដណ្ដប់​ពាសពេញ​ភ្នំ និង តំបន់​ក្បែរ​នោះ។

គួរ​រំឭក​ថា ភ្នំ Semeru គឺ​ជា​ភ្នំ​ភ្លើង​ខ្ពស់​ជាង​គេ​បំផុត​មួយ​នៅ​លើ​កោះ​ជ្វា។ ជាក់ស្ដែង កាល​ពី​ឆ្នាំ​មុន បន្ទុះ​ភ្នំ​ភ្លើង​មួយ​នេះ បាន​បណ្ដាល​ឱ្យ​មនុស្ស​ជាង ៥០ នាក់​បាត់បង់​ជីវិត និង ពលរដ្ឋ​រាប់​ពាន់​នាក់​ផ្សេង​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ទី​កន្លែង​រស់នៅ៕