អាជ្ញាធរប្រទេសថៃ បានសម្រុកទៅចាប់កន្លែងចែកចាយសាច់គ្រឿងក្នុងសត្វ ដ៏ធំមួយកន្លែង ដែលបានបើកលក់ដូរខុសច្បាប់ ហើយថែមទាំងប្រើប្រាស់ជាតិគីមីដែលប៉ះពាល់ដល់សុខភាព

កាលថ្ងៃទី ៤ ខែធ្នូ​ ឆ្នាំ ២០២២ កន្លងទៅនេះ ខាងអាជ្ញាធរប្រទេសថៃ បានសម្រុកទៅចាប់កន្លែងចែកចាយសាច់គ្រឿងក្នុងសត្វ ដ៏ធំមួយកន្លែង ដែលបានបើកលក់ដូរខុសច្បាប់ ហើយថែមទាំងប្រើប្រាស់ជាតិគីមីដែលប៉ះពាល់ដល់សុខភាពទៀតផង។

កន្លែងលក់មួយកន្លែងនេះ គឺមានទីតាំងស្ថិតនៅក្នុងខេត្តឈុនបុរី ប្រទេសថៃ ហើយក្នុងនោះ មានការរាយការណ៍មកថា កន្លែងមួយនេះ ជាកន្លែងលក់ដូរ សាច់ និង គ្រឿងក្នុងសត្វគោ និ​ង​ ជ្រូក ចែកចាយឱ្យខាងហាងលក់មូកៈថៈ បានបើកលក់ដូរដោយលួចលាក់ខុសច្បាប់ ទើបខាងអាជ្ញាធរពាក់ព័ន្ធដែលមាន នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានបញ្ជូនមន្រ្តីជាច្រើន ចុះមកត្រួតពិនិត្យ។

ខណៈចុះមកត្រួតពិនិត្យនេះ គេបានរកឃើញថា កន្លែងលក់ខាងលើ ពិតជាខុសច្បាប់ពិតមែន ដោយមិនមានច្បាប់អនុញ្ញាតិពាក់ព័ន្ធការលក់អាហារ គ្មានអាជ្ញារប័ណ្ណជួញដូរ បញ្ជូនសាច់សត្វ ព្រមទាំងគ្មានលិខិតបញ្ជាក់ណាមួយច្បាស់លាស់ឡើយ។ លើសពីនេះទៅទៀត អាជ្ញាធរថែមទាំងបានរកឃើញទៀតថា គ្រឿងក្នុងទាំងនោះ មានការដាក់ត្រាំសារជាតិគីមី ដែលមានដូចជា Formalin, caustic soda និង hydrogen peroxide ដើម្បីរក្សាទុកឱ្យបានយូរទៀតផង។

អាជ្ញាធរ បានរឹបអូសយកសាច់ទាំងនោះទុកអស់ហើយ ដែលមានរហូតដល់ជាង ២.៥ ម៉ឺនគីឡូក្រាមឯណោះ ដើម្បីយកទៅត្រួតពិនិត្យស្វែងរកមេរោគ​ ដែលបង្កមកពីសំណល់សារធាតុគីមីបន្តទៀត ព្រមទាំងបានហាមអាជីវកម្មមួយនេះ មិនឱ្យដំណើរការ និង ហាមការជួញដូរគ្រប់យ៉ាង។ ជាពិសេស ឱ្យខាងម្ចាស់នាំយកឯកសារដែលពាក់ព័ន្ធមកបង្ហាញអាជ្ញាធរក្នុងរយៈពេលត្រឹម ១៥ ថ្ងៃ បើមិនដូច្នោះទេ គេនឹងកម្ទេចរបស់ដែលរឹបអូសទាំងអស់ ដោយកប់ ឬ ដុត ហើយថែមទាំងបន្តដាក់ទោសតាមផ្លូវច្បាប់រហូតដល់ទីបញ្ចប់។

យ៉ាងណាមិញ គេក៏បានរឹបអូសសារធាតុគីមីចំនួន ២៥ លីត្រផងដែរ ហើយកន្លែងមួយនេះ ជាកន្លែងធំ ដែលត្រូវបានគេដឹងថា​ បានចែកចាយឱ្យហាងលក់មូកៈថៈចំនួន ៦៦ កន្លែងឯណោះ ទូទាំងប្រទេស៕

សូមទស្សនាវីដេអូខាងក្រោម៖