នាំគ្នាជិះម៉ូតូមកប្លន់មាស ចង្រៃអីប៉ះចំម្ចាស់ហាងជើងឯកបា-ញ់ ពន្លះវិញផូងៗផ្អើលរត់សឹងមិនទាន់(មានវីដេអូ)

តាមព័ត៌មានបានឱ្យដឹងថា ករណីមួយនេះបានកើតឡើងនាខេត្តតាក ប្រទេសថៃ ដោយក្នុងឃ្លីបវីដេអូដែលគេបានចែកចាយ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ បានបង្ហាញឱ្យឃើញថា ដំបូងឡើយមានចោរមួយក្រុម មានគ្នា ៤ នាក់ ជិះម៉ូតូចំនួនពីរគ្រឿងប្រដាប់ដោយកាំភ្លើង បានចុះមកស្រែកឡូឡាបាញ់គំរាមនៅក្នុងហាងមាស ក្នុងបំណងដើម្បីប្លន់យកមាសប្រាក់ក្នុងហាង។

ខណៈពួកចោរកំពុងប្រតិបត្តិការ ដោយមានអ្នកចាំមើលផ្លូវបាញ់គំរាម និង អ្នកយកប្រដាប់មកកាត់ទូរមាស ស្រាប់តែម្ចាស់ហាងបានទាញកាំភ្លើងវែងរបស់ខ្លួនមកបាញ់តទល់វិញមិនប្រណីដៃ ធ្វើក្រុមចោរភ័យស្លន់ស្លោរ រត់ចេញពីហាងសឹងមិនទាន់។ ម្ចាស់ហាងក៏នៅរះគ្រាប់ដោយមិនដកដៃ ក៏បានបាញ់ត្រូវចំជើងចោរមួយគ្រាប់ ធ្វើឱ្យដេករបួសដកដង្ហើមចង្រិតនៅក្បែរហាងទៀតផង។

ដោយឡែក បើតាមការសាកសួរម្ចាស់ហាងដែលមានវ័យ ៤៦ ឆ្នាំ បានឱ្យដឹងថា​ ព្រោះតែបារម្ភដល់បុគ្គលិកកូនចៅដែលដើរចេញទៅក្រៅហាង ខ្លាចគេដើរមកវិញមានគ្រោះថ្នាក់ ម្យ៉ាងក៏ខ្លាចពួកវាបុកសម្រុកចូលមកដល់ក្នុងផ្ទះទៀត ទើបខ្លួនក៏បានទាញកាំភ្លើងតទល់វិញបែបនេះ ពោលគឺក្នុងបំណងការពារខ្លួន និង ទ្រព្យសម្បតិ្ត។

ចំណែកកាំភ្លើងដែលខ្លួនបានយកមកប្រើនេះ គឺបានទិញមកដោយស្របច្បាប់ លើសពីនេះទៅទៀត ខ្លួនក៏ធ្លាប់ហាត់បាញ់កាំភ្លើងមកបានស្ទាត់ជំនាញគួរសមដែរ ទើបធ្វើឱ្យក្លាហានសុខចិត្តតទល់ដោយមិនរអាបែបនេះ។ យ៉ាងណាមិញ ប៉ូលិសក៏បានក្របួចចោរពីនាក់រួចទៅហើយ ដោយម្នាក់បានត្រូវរបួសដេកនៅក្បែរហាង ឯម្នាក់ទៀតត្រូវចាប់បាននៅខណៈរត់ពីហាងបានមិនដល់ ១ គីឡូម៉ែត្រ។ ដោយឡែក​​ សម្រាប់ចោរជើងល្អពីរនាក់ទៀត ប៉ូលិសក៏កំពុងធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនបន្តផងដែរ៕