ក្រសួងអប់រំ ចេញសេចក្ដីណែនាំ​ស្ដីពីដំណើរការ គ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងឆ្នាំសិក្សា ២០២២-២០២៣

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ សម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ ចាប់ពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ តទៅ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមសេចក្តីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈក្នុងឆ្នាំសិក្សា ២០២២-២០២៣របស់ក្រសួងអប់រំយុវជននិងកីឡា បានធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំយុវជននិងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌនិងគ្រឹះស្ថានបឋមសិក្សាសាធារណៈនូវសកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំសិក្សា ២០២២-២០២៣ ត្រូវចាប់ផ្ដើមដំណើរការនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ​២០២៣។

ចំពោះវិសមកាលប្រព្រឹត្តិទៅចំនួន២ដង គឺវិស្សមការតូចចាប់ពីថ្ងៃទី ០៦ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ចំពោះការប្រារព្វពិធីបើក​បវេសន​​កាលក្រសួងអប់រំ​ ណែនាំឱ្យគ្រប់សាលារៀនត្រូវរៀបចំចងបដា ពាក្យស្លោកអបអរសាទរថ្ងៃបវេសនកាលឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំឬមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត​ការិយាល័យ អប់រំយុវជន និងកីឡា និងនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌអាជ្ញាធរដែនដី តំណាងសហគមន៍ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សចូល រួមសមស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដានិងបិទផ្សាយប្រដាសបញ្ជាក់ពីការចូលរៀនដោយឥតគិតថ្លៃ៕