ថ្ងៃនេះសិស្សបាក់ឌុបនិទ្ទេស A ទាំងអស់នៅខេត្តកំពង់ស្ពឺ ទទួលរង្វាន់ម៉ូតូពីអភិបាលខេត្ត តាមសន្យាហើយ!

តាមរយៈផេកផ្លូវការ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ ​នេះ បានបញ្ជាក់ឱ្យបានដឹងថា ក្នុងថ្ងៃនេះ ឯកឧត្តមបានប្រគល់ម៉ូតូដែលជារង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A ចំនួន ២២ នាក់ ក្នុងម្នាក់ៗ ម៉ូតូមួយគ្រឿងតាមការសន្យារួចហើយ។

ភ្ជាប់ទៅនឹងការជូនរង្វាន់សម្រាប់សិស្សពូកែនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តបេក្ខជនដែលប្រឡងមិនជាប់ ដោយប្រសិនបើអាចសូមទៅរៀននៅសាលា «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំងឈូក»។

ឯកឧត្តមអភិបាលខេត្តបន្តឱ្យដឹងទៀតថា មជ្ឈមណ្ឌលវិជ្ជាជីវៈរលាំងឈូកខាងលើ រៀនមិនគិតថ្លៃទេ ព្រមទាំងមានអាហារបីពេលសម្រាប់អ្នកសិក្សាទៀតផង ហើយចំណាយរយៈពេលពីរឆ្នាំនឹងទទួលបានសញ្ញាបត្របរិញ្ញាបត្ររងហើយ៕