ស្ត្រីម្នាក់រឹងថ្គាម ស្ពឹកអណ្តាត ដកដង្ហើមមិនដល់គ្នា ប៊ិះអស់បុណ្យចោលអ្នកផ្ទះ បន្ទាប់ពីហូបថ្លើមត្រីក្រពតហើយ

សារព័ត៌មានវៀតណាមបានចុះផ្សាយនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ នេះថា មានអ្នកជំងឺម្នាក់បានបរិភោគថ្លើមត្រីក្រពតចំនួន ២ ដុំ ហើយក្រោយមកក៏មានអាការស្ពឹកអណ្តាត បបូរមាត់ ដៃ និង ជើង ពិបាកដកដង្ហើម ធ្វើឱ្យក្រុមគ្រួសារប្រញាប់នាំទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ក្រោយពីបានបញ្ជូនទៅសង្រ្គោះបន្ទាន់ ភ្លាមៗនោះពេទ្យក៏បានបញ្ជាក់ពីស្ថានភាពអ្នកជំងឺថា អាការធ្ងន់ធ្ងរ និង ពិបាកដកដង្ហើម ព្រោះតែពុលថ្លើមត្រីក្រពត ហើយភ្លាមៗនោះក្រុមគ្រូពេទ្យក៏បានប្រើឧបករណ៍ជំនួយដង្ហើមភ្លាមៗ និង លាងក្រពះអ្នកជំងឺជាបន្ទាន់។ យ៉ាងណាមិញ ពេលនេះអ្នកជំងឺបានដឹងខ្លួនវិញហើយ ក្រោយពីប្រើពេលសង្គ្រោះអស់ ២៤ ម៉ោង។

ពាក់ព័ន្ធករណីនេះ BSCKI Tran Cong Can Khoa សង្គ្រោះសកម្ម និង ប្រឆាំងការពុល នៃមន្ទីរពេទ្យ Bai Chay បាននិយាយថា ៖ «អ្នកជំងឺបានបង្ហាញអាការពុល tetrodotoxin ដែលមាននៅក្នុងត្រីក្រពតធម្មតា ហើយសារធាតុពុលប្រភេទនេះប្រមូលផ្តុំនៅក្នុងថ្លើម តម្រងនោម លំពែង សរីរាង្គបន្តពូជ ភ្នែក ក្រលៀន ស្បែក និង ឈាមរបស់ត្រី។ ដូចនេះពេលជាតិពុលប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទ ក្នុងរយៈពេល ២-៣ នាទីបន្ទាប់ពីទទួលទាន អ្នកជំងឺនឹងមានអារម្មណ៍ដូចជា ស្ពឹកបបូរមាត់ អណ្តាត ដៃ ជើង អស់កម្លាំង វិលមុខ ឈឺក្បាល ស្រាល មានអារម្មណ៍ថាតឹងទ្រូង បែកញើស មានពពុះនៅមាត់ ពិបាកនិយាយ មុខក្រហម ឈឺពោះ ចង្អោរ ក្អួត រឹងថ្គាម និង រឹងអណ្តាត ជាដើម»

គួរបញ្ជាក់ដែរថា នៅក្នុងករណីធ្ងន់ធ្ងររាងកាយទាំងមូលអាចក្លាយទៅជាខ្វិន ទន់ខ្សោយ ស្បែកប្រែជាស្លេក សីតុណ្ហភាព និង សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម ទីបំផុតដាច់សរសៃឈាមបេះដូង និង ស្លាប់ភ្លាមៗក៏មាន។ ដូច្នេះហើយស្ថានភាពនៃការពុលត្រីក្រពត អាចលេចចេញជារូបរាងធ្ងន់ធ្ងរ យ៉ាងឆាប់រហ័ស ហើយហានិភ័យនៃការស្លាប់គឺខ្ពស់ ប្រសិនបើមិនបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះទាន់ពេល។

បន្ថែមពីនោះ BSCKI Tran Cong Can ក៏បានលើកឡើងដែរថា ចំពោះករណីនេះមានអ្នកជំងឺជាច្រើនបានស្លាប់នៅតាមផ្លូវបញ្ជូនមកមន្ទីរពេទ្យ ព្រោះតែការដឹកជញ្ជូនទៅសង្គ្រោះបន្ទាន់ប្រើទូក ដោយចេញពីកោះឆ្ងាយពីមន្ទីរពេទ្យ៕

ប្រភព៖ Vietnam Post English