គ្រោះទឹកជំនន់ក្នុងថ្ងៃបុណ្យណូអែលនៅហ្វីលីពីន បង្កឱ្យមានអ្នកស្ល-ា.ប់.កើនឡើងដល់ ២៥ នាក់ហើយ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ទី ២៨ ខែធ្នូ ឆ្នាំ ២០២២ នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងប្រទេស ហ្វីលីពីន បានកើនឡើងដល់ ២៥ នាក់ហើយ ព្រមទាំងមានការរំពឹងថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅតំបន់ភាគខាងត្បូង និង តំបន់កណ្តាលដែលរងគ្រោះខ្លាំងបំផុត។

មនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះ ខណៈពេលដែលភ្លៀងធ្លាក់ខ្លាំងបានលិចលង់ភូមិជនបទ ទីប្រជុំជន និង ផ្លូវហាយវេនៅថ្ងៃបុណ្យណូអែល ចំថ្ងៃឈប់សម្រាកដ៏សំខាន់នៅក្នុងប្រទេសនេះ។ លើសពីនេះ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពមួយចំនួនអំពីអ្នកស្លាប់នៅក្នុងខេត្ត Misamis Occidental ថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់ ដោយសារតែការលង់ទឹក ខណៈដែលមានមនុស្សចំនួន ២៦ នាក់បាត់ខ្លួន និង ៩ នាក់ទៀតបានរងរបួស។

យ៉ាងណាមិញ អ្នកព្យាករណ៍អាកាសធាតុរបស់រដ្ឋបាននិយាយថា ភ្លៀងនឹងធ្លាក់ពីមធ្យមទៅច្រើននៅទូទាំងតំបន់ភាគខាងត្បូង និង ភាគកណ្តាលនៅថ្ងៃពុធនេះ និង ថ្ងៃព្រហស្បតិ៍ស្អែកនេះ ដោយសារតំបន់សម្ពាធទាបនៅឆ្នេរសមុទ្រ ដែលអាចវិវត្តទៅជាសម្ពាធត្រូពិច ហើយការិយាល័យអាកាសធាតុបាននិយាយទៀតថា «ទឹកជំនន់ និង ការបាក់ដី អាចកើតមានឡើងបណ្ដាលមកពីភ្លៀង ជាពិសេសនៅតំបន់ងាយរងគ្រោះខ្លាំង»។

គួរបញ្ជាក់ដែរថា ក្រុមមន្ត្រីនៅថ្ងៃពុធនេះ បានលើកឡើងថា នឹងធ្វើការឃ្លាំមើលពីលើអាកាសនៅ Misamis Occidental ដើម្បីវាយតម្លៃពីទំហំនៃការខូចខាត ព្រោះប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់ជាប្រទេសមួយដែលងាយរងគ្រោះបំផុត ចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសអ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះនឹងមានកម្លាំងកាន់តែខ្លាំង នៅពេលដែលពិភពលោកកាន់តែក្តៅ៕

ប្រភព៖ CNA