វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៦សម្រាប់ក្រុងសៀមរាប និង ស្រុកពួក…….

រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២នេះ គោលដៅទី៦ សម្រាប់ក្រុងសៀមរាប និងស្រុកពួក នៅបរិវេណសាលាក្រុង សៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និង ប្រជាពលរដ្ឋទាំងពីរក្រុងស្រុកចូលរួមចំនួន៥៨០នាក់ ស្រី ១៥៤នាក់ចូលរួម ។
ក្នុងនោះឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ លើកឡើងពីគោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២២នេះ គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តសៀមរាប ក្នុងការលើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និង ការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងបុរស ស្ត្រី យុវវ័យ និង ជនងាយរងគ្រោះ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅរដ្ឋបាលក្រុងសៀមរាប និង រដ្ឋបាលស្រុកពួក ។ អង្គវេទិកានេះ គឺជាការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមទ្ធិផល ក្រុមប្រឹក្សាសម្រេចបានកន្លងមក និង បញ្ហាប្រឈម និង អាទិ ភាពនៃការអភិវឌ្ឍន៍សម្រាប់ឆ្នាំបន្ទាប់ ព្រមទាំងធ្វើការពិភាក្សាទៅលើរបាយការណ៍អនុវត្តក្នុងឆ្នាំ និង បានទទួលយកនូវអនុនិង អ្នកទទួលសេវាសាធារណៈឲ្យកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមប្រធានក៏បានបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឲ្យបង្កើតមានវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋ ដើមី្បស្តាប់នូវរាល់មតិ យោបល់របស់ប្រជាពលរដ្ឋ ក្នុងការស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈម ដែលបងប្អូនប្រជាពលរដ្ឋ កើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើមី្បធ្វើការអភិវឌ្ឍបានចំទិសដៅ និងស្របតាមតម្រូវការរបស់ពួកគាត់ ។
បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឆ្នាំ២០២០.២០២៤ នៃផែនការ៣ឆ្នាំរំកិល និង តាមប្រសាសន៍បញ្ជាក់របស់លោក អ៊ឹង គឹមលាង បានលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២២ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលក្រុងសៀមរាប និង ស្រុកពួកផងដែរ ។
នៅក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) កសិកម្ម (លើតម្លៃស្រូវ ) ,អត្តសញ្ញាណកម្ម (សៀវភៅគ្រួសារ) ,អគ្គិសនី , អប់រំ , ប្រព័ន្ធធារាសាស្ត្រ , សុខាភិបាល , បញ្ហាដីធ្លី (ដីស្រែប្រាំង) និង លំនៅឋានក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ក្នុងនោះមានសំណួរផ្ទាល់មាត់ ១៤ សំណួរ សំណូមពរ និង សរសេរលាយល័ក្ខអក្សរ មាន៣៧សំណួរ សំណូមពរ និង ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ ។
មានប្រសាសន៍បិទអង្គវេទិកា ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណៈ ក្នុងកោលដៅទី៦នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និង ដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល៕