អគ្គិភ័យឆាបឆេះ ផ្ទះអាជីវករលក់គ្រឿងសង្ហារឹមចំនួន២ខ្នង ខ្ទេចអស់ទាំងស្រុង

ភ្នំពេញ ៖ កាលពី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អគ្គិភ័យបានឆាបឆេះផ្ទះអាជីវករលក់គ្រឿងសង្ហារឹមចំនួនពីរខ្នងខ្ទេចអស់ទាំងស្រុង ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យជាច្រេីនចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ស្ថិតនៅក្បែរភ្លើងស្តុបចំការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនកេីតហេតុគេឃេីញមានផ្សែងហុយចេញពីខាងក្នុងផ្ទះលក់គ្រឿងសង្ហារឹមនេះ ហើយភ្លាមៗនោះក៏កេីតចេញជាអណ្ដាតភ្លេីងឆាបឆេះយ៉ាងឆាប់រហ័ស ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ។
មន្ត្រីការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីទទួលបានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនភ្លាម គឺកម្លាំងបានចេញរថយន្តបង្ការ និងសង្គ្រោះអគ្គិភ័យជាច្រេីនគ្រឿងមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង និងប្រេីរយៈពេលជាង១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ ដោយមិនរាលដាលឆេះដល់ផ្ទះឬទីតាំងផ្សេងទៀតឡើយ ។

ករណីអគ្គិភ័យនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នងអស់ទាំងស្រុង ដែលផ្ទះទាំងពីរខ្នងនេះបានដាក់ប្រកបអាជីវកម្មលក់គ្រឿងសង្ហារឹម និងសម្ភារផ្សេងៗធ្វើពីផ្តៅនិងឬស្សី ។ មូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ៕