រដ្ឋបាលខេត្តកណ្ដាល ប្រកាសឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងអនុវត្តតាម ៧ ចំណុច

រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹងមួយទាក់ទងនឹងវិធានការទប់ស្កាត់ហានិភ័យលើអាជីវកម្មទូក ដ ចម្លងឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្តាលបានដឹងថា ការប្រកបអាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវតែមានការឯកភាពពីរដ្ឋបាលខេត្ត និង មានការវាយតម្លៃផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រោះកន្លងមករដ្ឋបាលខេត្តបានពិនិត្យឃើញថា ការប្រកបអាជីវកម្មសេវាកម្មកំពង់ចម្លង មិនទាន់អនុវត្តបាន ពេញលេញតាមលក្ខណៈបច្ចេកទេសទូកចម្លងឱ្យបានល្អប្រសើរនៅឡើយ។

គួររំឭកឡើងវិញដែរថា កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅមានឧបទ្ទវហេតុ ករណីលិចទូក ដ ចម្លង ១គ្រឿងនៅភូមិ កោះចម្រើន ឃុំ កំពង់ភ្នំ ស្រុក លើកដែក ខេត្ត កណ្ដាល ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតសិស្សសាលាចំនួន ១២ នាក់ ព្រោះពុំបានអនុវត្តតាមគោលការណ៍សុវត្ថិភាពឱ្យបានត្រឹមត្រូវ ហើយដោយសារតែ មើលឃើញពីចំនុចខ្វះខាតទាំងនេះ និង ក្នុងគោលបំណងធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើរ ទាំងអស់ រដ្ឋបាលខេត្តបានប្រកាសឱ្យម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់អនុវត្តនូវចំណុចដូចជា៖

១- គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប

២- គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវប្រើប្រាស់ទូកដែក ដែលមានទំហំ និង ខ្នាត ស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង

៣- ត្រូវមានប្រជាការពារម្នាក់ប្រចាំការតាមកំពង់ចម្លង ដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ

៤- ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរឆ្លង

៥- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូក (ឈៀក ៖ ពោងសុវត្ថិភាព ភ្លើងបំភ្លឺ ខ្សែពួរ អាវពោង កំណល់…)

៦- អ្នកបើកបរទូកចម្លង ត្រូវមានប័ណ្ណបើកបរទូក

៧- ត្រូវរៀបចំផ្លូវឡើង-ចុះ និង ផែ ឱ្យបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេស។

ដោយឡែក ចំពោះអាជីវកម្មកំពង់ចម្លង ដែលកំពុងប្រើប្រាស់ទូកឱបត្រូវតែធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់ទូកដែក ដែល មានទំហំ និង ខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លងក្នុងរយៈពេល ៣០ ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះ ដោយក្នុងន័យនេះផងដែររដ្ឋបាលខេត្តស្នើដល់គ្រប់ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ចូលរួមសហការ អនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ដែរថា ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខេត្ត កណ្តាល នឹងមិនអនុញ្ញាតឱ្យបន្តធ្វើអាជីវកម្មកំពង់ចម្លងជាដាច់ខាត៕

សូមអានព័ត៌មានលម្អិតក្នុងសេចក្ដីជូនដំណឹង ដែលមានភ្ជាប់ជូនខាងក្រោម៖