កន្លែងលេងហ្គេម អនឡាញ បើក អោយក្មេងៗចូលលេងយ៉ាងភ្លូកទឹកភ្លូកដី នៅកណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប ៖ កន្លែងលេងហ្គេម អនឡាញ ត្រូវបានគេដឹងថា បានបើកអោយក្មេងៗចូលលេងយ៉ាងភ្លូកទឹកភ្លូកដី នៅកណ្ដាលក្រុងសៀមរាប តែលោកអធិការក្រុងថា នេះជាកន្លែងលក់សម្ភារ:កីឡា ប្រភេទអេឡិចត្រូនិកតែប៉ុណ្ណោះ។

ហ្គេមមួយកន្លែងដែលមានយីហោ Battle Rank មិនមានទាំងសរសេរឈ្មោះជាអក្សរខ្មែរផងនោះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងលូទឹកស្អុយ ជាប់ផ្សារទំនើបអង្គរ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានបើកដំណើរការ ឱ្យក្មេងៗនឹងយុវវ័យ ជាច្រើនចូលលេងយ៉ាងសប្បាយរីករាយ ដោយមិនខ្លាចបំពាន ដល់អនុសាសន៍របស់ថ្នាក់ដឹកនាំ និងហាក់មិនខ្វល់ថាប៉ះពាល់ដល់អនាគតក្មេងៗ ដែលជាទំពាំងស្នងឬស្សីនោះឡើយ។

ប្រសិនបើប្រជាពលរដ្ឋចាំមិនភ្លេចទេ កន្លងមកថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល បានបញ្ជារឲ្យមន្ត្រីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានទូរទាំងប្រទេស ត្រូវអនុវត្តការលុបបំបាត់ដកហូតទូរហ្គេមនិងសម្ភារៈអនឡាញអេឡិចត្រូនិក ដែលបើកលេងអណាធិបតេយ្យ នៅគ្រប់ទីកន្លែងទាំងអស់អោយអស់ខានតែបាន ដោយចាត់ទុកថា ហ្គេមគ្រប់ប្រភេទទាំងនោះ ថាបានបង្វក់យុវវ័យ ក្មេងតូចៗ និងពិសេសសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី តែងតែគេចពីសាលាទៅសំង្ងំលេងហ្គេមមិនចូលសាលារៀន។
ដោយឡែកថ្មីៗនេះគេឃើញ នៅមានកន្លែងលែងហ្គេមអនឡាញអេឡិចត្រូនិកជាច្រើនកន្លែង ដែលបើកដំណើរការឡើងវិញ ដោយជ្រកក្រោមស្លាកលក់គ្រឿងបន្លាស់ហ្គេម(Game Accessory) និងសម្ភារ:កីឡា ហើយមានក្មេងៗចូលលេងជាច្រើនកុះករ ផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងបើកហ្គេមនេះ គឺបានបើកយូរមកហើយបើទោះបីមានការហាមប្រាមនឹងបានបិទទីតាំងហ្គេមគ្រប់ទីកន្លែងក៍ដោយ ក៍នៅកណ្ដាលក្រុងសៀមរាបយើងនេះ អាចនៅតែការរក្សាទីតាំង Battle Rank បើកអោយក្មេងតូចៗ យុវ័យ និងក្មេងជំទង់ៗ ចូលលេងបានដោយសេរី។
ប្រជាពលរដ្ឋបន្តថា៖ ប្រហែលទីតាំងដែលកំពុងបើកនេះក៍មិនធម្មតាដែល អាចមានមន្ដ្រីធំៗគ្រាក់ៗនៅពីក្រោយខ្នងហើយមើលទៅ ទើបបានម្ចាស់ទីតាំង Battle Rank នេះ ឈរបានរឹងមាំ ហ៊ានបើកអោយក្មេងចូលលេងដោយសេរីតែម្ដងដែលមិនខ្លាចអ្វីទាំងអស់ទោះបីបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាអោយបិទយ៉ាងដាច់អលង្កាយ៉ាងណានោះ។

ពាក់ពន្ធ័នឹងករណីថាមានបើកកន្លែងហ្គេមអនឡាញអេឡិចត្រូនិកនេះផងដែរ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ បណ្តាញព័ត៌មានបានធ្វើបទសម្ភាន៍ខ្លីមួយតាមទូរសព្ទ័ជាមួយលោក ដា ចំរើន អធិការនៃអធិការដ្ឋានក្រុងសៀមរាប លោកថាចំពោះទីតាំងនេះលោកបានដឹងហើយតែគេមានច្បាប់អនុញ្ញាត្តត្រឹមត្រូវហើយវាក៍ជាល្បែងកីឡាតែប៉ុណ្ណោះ។

ចំពោះការបកស្រាយខាងលើ ពលរដ្ឋដែលជាអាណាព្យាបាល ដែលមានក្មេងតូចនឹងកំពុងសិក្សា ទូរទាំងក្រុងសៀមរាប មានការព្រួយបារម្ភថា ថាកូនៗរបស់គាត់ អាចនឹងមានការផុងខ្លួន លង់នឹងការលេងហ្គេម ដែលបណ្ដាលឲ្យបាត់បង់ការសិក្សា ហើយវានឹងធ្វើឲ្យ សង្គមជាតិយើងទាំងមូល ជួបនូវវិបត្តិធ្ងន់ធ្ងរទៅថ្ងៃក្រោយ។
ក្រុមអាណាព្យាបាលទាំងនោះ សង្ឃឹមថាល្បែងកីឡាមួយនេះនឹងមិនបង្វក់កូនៗពួកគាត់អោយឈ្លក់វង្វែងគេចពីសាលាទៅសំង្ងំក្នុងទីតាំងលេងល្បែងកីឡាភ្លេចការសិក្សានឹងមានក្រុមបងតូចបងធំផ្តុំគ្នានោះទេ។ ម្យ៉ាងវិញទៀតពួកគាត់សង្ឃឹមថា បញ្ហាគ្រឿងញៀនចោរឆក់ប្លន់ នឹងមិនកើតមានឡើងចេញពីទីតាំងល្បែងកីឡានេះ ដឺលអាចបង្ករអោយពលរដ្ឋនឹងភ្ញៀវទេសចរណ៍ដែលបានមកទស្សនាកំសាន្ត ក្នុងទឹកដីក្រុងអង្គរវប្បធម៌ជាតិយើងមានការបាត់បង់ភ័យខ្លាច ដោយសារតែល្បែងកីឡាខាងលើនេះនោះឡើយ។

ប្រជាពលរដ្ឋទូរទាំងក្រុងសៀមរាប សុំសំណូមពរអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តសៀមរាប មេត្តាពិនិត្យមើលទីតាំងបើកហ្គេមអនឡាញអេឡិចត្រូនិកមួយកន្លែងនេះផង ថាតើពិតដូចជាល្បែងកីឡាមែនដែលឬទេ? ៕