សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីដែលរករឿងអ្នកកាសែត ដោយសារសរសេរកាត់គោរមងារ សូមឈប់ផ្សាយឱ្យគាត់ទៅ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា មន្ត្រីនៅតាមស្ថាប័នណា ដែលតែងតែរករឿងអ្នកសារព័ត៍មាន និងបង្ហាញអារម្មណ័មិនសប្បាយព្រោះតែរឿង អ្នកសារព័ត៌មាន មិនសរសេរគោរម្យងារឱ្យពេញ ដោយសារគោរម្យងារវែងពេកនោះ មិនចាំបាច់ផ្សាយព័ត៌មានឱ្យនោះទេ។

សម្តេចជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។

សម្តេចជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «រឿងលោក ពុយ គា បានលើកពីបញ្ហាឈ្មោះគេហៅគោរម្យងារ វាវែងពេក បើគាត់ប្រកាន់កុំផ្សាយឱ្យតែម្តងទៅជឿខ្ញុំទៅ[..] បើថាជំនាន់មុនផង ដែលមុននឹងខ្ញុំលុបចោល បើអ្នកឯងធ្វើឧត្តមសេនីយ លោកឯងត្រូវលុបចោលងារឧកញ៉ាចេញទៅ បើមិនចឹងវាវែងពេក ចឹងបានឥលូវពួកទាហាន ពួកប៉ូលីស អត់មានឧកញ៉ាទេ ហើយបើពីមុននឹងមានងារ នាយឧត្តមសេនីយឧកញ៉ាបណ្ឌិត វាទៅទាល់តែមួយគ្រប់ មិនគ្រប់តវ៉ា ចឹងសុំអ្នកសារព័ត៌មានកុំចុះផ្សាយពីម្នាក់នឹងបានទេ ខ្វះណាស់មនុស្សពេញមួយប្រទេស»

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា «ដូចខ្ញុំអីមិនចាំបាច់ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្អីនោះទេ បើនិយាយពីគោរម្យងារខ្ញុំវាច្រើនពេកហើយ ហៅខ្ញុំត្រឹមតែលោក ហ៊ុន សែន ឫសម្តេច ហ៊ុន សែន ឫតេជោ សែន តែប៉ុណ្ណឹងទៅបានហើយឱ្យវាឆាប់ចប់»

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា សម្រាប់ឈ្មោះសម្តេច មិនចាំបាច់ឱ្យពិបាកសរសេរវែងឆ្ងាយនោះទេនាំតែខាតពេលនោះទេ ហើយសម្រាប់អ្នកដែលចង់ឱ្យសរសេរឈ្មោះវែងឆ្ងាយនោះ មិនចាំបាច់ផ្សាយឱ្យទេ ព្រោះមានស្ថាប័ន និងអ្នកធ្វើការច្រើនណាស់ដែលត្រូវជួយផ្សព្វផ្សាយឱ្យ។ សម្តេចបានបញ្ជាក់ថា អ្នកទាំងឡាយមិនគួរខឹងសម្បានោះទេ ព្រោះតែខ្វះពាក្យឧកញ៉ា ខ្វះពាក្យបណ្ឌិតអីនឹងនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា «បើខ្ញុំវិញ វាគោរម្យងារត្រូវហៅខ្ញុំសម្តេចអគ្គមហាសេនាបតីបណ្ឌិតសភាចារ្យ ហ៊ុន សែន ទៅទៀត តែខ្ញុំមានដែលប្រកាន់ឯណា អ្នកណាចង់ហៅលោក ក៏ហៅទៅ»