ប្រពន្ធជួលឃាត.ក ក្នុងតម្លៃ១,០០០ដុល្លារ សម្លា.ប់ប្ដីខ្លួនឯង នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល, ប្រពន្ធ និងឃាត.ក ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបាន

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សភាពរឿងហេតុ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរះប្រាំដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកសពអណ្តើតទឹកនោះ។ ការពិនិត្យសាកសពឃើញថាសាកសពស្លាប់ដោយសាររឹតក និងឆក់ (ឃាតកម្ម)។

ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាន់​ ធីតា​ អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែរ​ បានសារភាពថា​ ខ្លួន​ និងឈ្មោះ​ វី​ ភេទ​ប្រុស​ អាយុប្រហែលជិត៤០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងសំណង​ ជាអ្នកសម្លាប់ប្តី​របស់ខ្លួន​ ដោយធ្វេីការឆក់​ និងរិតករ​ សម្លាប់​។

ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់។

រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។

បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕