ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានចុះទៅប្រគល់ម៉ូតូជូនជនរងគ្រោះដែលបានរកឃើញម៉ូតូវិញ ចំនួន ១០ គ្រឿង នៅឃ្លាំងស្តុកម៉ូតូ OCIC

ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ​២០២៣ បានតំណាងឱ្យឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានចុះទៅប្រគល់ម៉ូតូជូនជនរងគ្រោះដែលបានរកឃើញម៉ូតូវិញ ចំនួន ១០ គ្រឿង នៅឃ្លាំងស្តុកម៉ូតូ OCIC ស្ថិតនៅខណ្ឌជ្រោយចង្វារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងនោះ តាមរយៈគណនីអភិបាលរងរាជធានីបានបង្ហោះសារចូលរួមត្រេកអរ ភ្ជាប់ជាមួយវីដេអូប្រមាណជាង ៣ នាទី បង្ហាញពីសកម្មភាពសំពះដោយក្ដីរំភើបពីសំណាក់ជនរងគ្រោះ ដែលបាត់ម៉ូតូអស់រយៈពេលជាយូរ និង ទទួលបានម៉ូតូវិញនៅថ្ងៃម្សិលមិញនេះ។

គួររំឭកផងដែរថា កាលពីពេលកន្លងទៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ អាចយកឯកសារទៅពិនិត្យនៅ OCIC ដែលមានទីតាំងស្ថិតនៅវិថី OCIC ភូមិដើមគោក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ក្រោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និង អាជ្ញាធរ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យតាមបណ្ដាហាងបញ្ចាំជាច្រើន នៅតំបន់ឃ្លាំងរំសេវ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក ដកហូតម៉ូតូជាច្រើនគ្រឿងពីហាងកុងស៊ីបញ្ចាំពាក់ព័ន្ធការទទួលបញ្ចាំដោយខុសច្បាប់ (គ្មានឯកសារ)៕

សូមទស្សនាវីដេអូនៅខាងក្រោម ៖