អុញនុះ! មុនសែនចិនផងរកឃើញបង្គាចាក់ចាហួយជិត ២០០ គីឡូ នៅតាមស្តង់លក់ម្តុំត្រឡោកបែក

អង្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ CCF នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ បញ្ជាក់ឱ្យបានដឹងថា មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យស្តង់លក់ផលិតផលសមុទ្រស្រស់នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ ក្នុងគោលបំណងដើម្បីការពារសុខុមាលភាព និង ផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម ដែលនឹងឈានចូលមកដល់ខាងមុខ។

យោងលទ្ធផលវិភាគបឋមដោយឧបករណ៍ដែលបំពាក់លើរថយន្តពិសោធន៍ចល័ត ចំពោះគំរូផលិតផលចំនួន ៤០ បានបង្ហាញឱ្យឃើញថាពុំមានប្រើប្រាស់សារធាតុគីមីហាមឃាត់ទេ។ ទោះយ៉ាងនេះក្តី មន្រ្តីជំនាញបានយកគំរូផលិតផលទាំងនោះមកវិភាគនៅមន្ទីរពិសោធរបស់អគ្គនាយកដ្ឋានបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់លទ្ធផល។ ជាមួយគ្នានោះ មន្រ្តីសាខាក.ប.ប. រាជធានីភ្នំពេញបានត្រួតពិនិត្យផលិតផលបង្គាស្រស់ដែលកំពុងដាក់លក់តាមបណ្តាស្តង់ និង បានរកឃើញបង្គាចំនួន ១៨០ គីឡូក្រាម មានចាក់បញ្ចូលសារធាតុ CMC (ចាហួយ) ត្រូវរឹបអូស និង កម្ទេចចោល។

សូមបញ្ជាក់ថា សារធាតុ CMC (ចាហួយ) ជាសារធាតុដែលឈ្មួញ ខិលខូចមួយចំនួន តែងយកមកប្រើប្រាស់សម្រាប់ចាក់បញ្ចូលក្នុងផលិតផលបង្គាស្រស់ ដើម្បីបង្កើនទម្ងន់ ក្នុងគោលបំណងកឹបកេងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕