ក្អកមិនបាត់រាប់ខែ ពិនិត្យម្តងពីរដងមិនឃើញមានអី ចុងក្រោយពេទ្យថាកើតមហារីកសួតដំណាក់កាលចុងក្រោយ

ថ្មីៗនេះ មានរឿងរ៉ាវរបស់នារីជនជាតិថៃ វ័យ ២៤ ឆ្នាំម្នាក់ ដែលកំពុងតែតស៊ូជាមួយនឹងជំងឺមហារីកសួតដំណាក់កាលចុងក្រោយ បានធ្វើឱ្យមហាជនជាច្រើនកើតការរំជួលចិត្ត និង អាណិតអាសូរជាខ្លាំងចំពោះរូបនាង។​

ក្នុងនោះ នារីរូបនេះបាននិយាយរៀបរាប់ដើមទងនៃជំងឺរបស់ខ្លួន នៅលើបណ្តាញសង្គមថា នាងចាប់ផ្តើមឈឺតាំងពីឆ្នាំ ២០២១ កន្លងទៅមកម្ល៉េះ ដោយដំបូងឡើយនាងចាប់ផ្តើមក្អកជាប់គ្នារយៈពេល ២ ខែមិនបាត់ឡើយ ហើយនាងគិតថាគ្រាន់តែជាការអាលែកហ្ស៊ី ទើបទៅពេទ្យថតពិនិត្យច្រមុះ បំពង់-ក ត្រចៀក និង បំពង់ខ្យល់មើល ប៉ុន្តែមិនបានប្រទះអ្វីនោះទេ ដោយគ្រាន់តែយកថ្នាំមកលេបធម្មតាប៉ុណ្ណោះ។

 

 

យ៉ាងណាមិញ ចា​ប់ពីពេលនោះមកនាងបានក្អកខ្លាំងទៅៗ រហូតមកដល់ខែមេសា ឆ្នាំ ២០២១ ក៏បានមកកើតកូវីដ-១៩ ទៀត តែអាការមិនសូវធ្ងន់ប៉ុន្មាននោះទេ។ ក្រោយមកនៅខែឧសភា នាងក៏ចាប់ផ្តើមឈឺត្រគាកពីរអាទិត្យជាប់គ្នាទៀត ម្តងនេះរត់ទៅពេទ្យពិនិត្យមើល ហើយបានដឹងថាកើតការរលាកសាច់ដុំ និង បានយកតែថ្នាំមកលេបដូចមុន។

រហូតមកដល់ខែមិថុនា អាការរបស់នាងរឹតតែធ្ងន់ធ្ងរ ដោយមានក្អកចេញឈាមតែម្តង នាងបានទៅពេទ្យពិនិត្យទាំងសួតទៀត ក៏មិនបានប្រទះអ្វីឡើយ ដោយគ្រូពេទ្យគិតថា ឈាមនេះគឺមកពីការបែកសរសៃនៅក្រអូមមាត់ តែក៏បានណាត់នាងដើម្បីពិនិត្យម្តងទៀតនៅ ៣ ខែក្រោយ។ មិនយូរប៉ុន្មានរាងកាយរបស់នាង​ ក៏បានចុះខ្សោយទៅៗ នាងចាប់ផ្តើមឆាប់ហត់ ទម្ងន់សឹងតែស្រក ២ គីឡូក្នុងមួយសប្តាហ៍ ចំណែកការក្អកក៏ធ្ងន់ទៅៗ។

ម្តងនេះនាងបានទៅពិនិត្យម្តងទៀត ស្រាប់តែបានប្រទះឃើញដុំសាច់នៅក្នុងសួត និង នៅក្នុងថ្លើមទៀត ដែលគ្រូពេទ្យក៏បានកាត់យកទៅពិនិត្យ ទើបដឹងថានាងមានជំងឺមហារីកសួតដំណាក់កាលចុងក្រោយទៅហើយ។

យ៉ាងណាមិញ ពេលនេះនាងកំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ ក្នុងនោះនាងគិតថា មូលហេតុដែលកើតបែបនេះប្រហែលជានៅជិតអ្នកជក់បារីច្រើនពេក ហើយនាងក៏បានសូមឱ្យមហាជនថែរក្សាសុខភាពរបស់ខ្លួនផងដែរ ជាពិសេសអ្នកជក់បារីតែម្តង៕