ក្រសួងអប់រំថៃ ប្រកាសលើកលែងកំណត់ម៉ូដសក់តែមួយសម្រាប់សិស្សសាលាទៀតហើយ

បន្ទាប់ពីមានការទាមទារពីសំណាក់សិស្សានុសិស្សជុំវិញរឿងកុំឱ្យកំណត់ម៉ូដសក់មក នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣ នេះ សិស្សានុសិស្សថៃមានការរីករាយជាខ្លាំង ដោយក្រសួងអប់រំថៃបានសម្រេចចេញសេចក្ដីប្រកាសស្តីពីការលើកលែងការកំណត់ម៉ូដសក់ចំពោះសិស្សសាលាហើយ។

តាមខ្លឹមសារនៃសេចក្ដីប្រកាស ក្រសួងបានអនុញ្ញាតឱ្យស្ថាប័ន និង គ្រឹះស្ថានសិក្សាកំណត់របៀបរបបដោយខ្លួនឯងបានទៅតាមភាពសមរម្យ។ រីឯសិស្សានុសិស្សអាចកំណត់សក់វែងខ្លីបានដោយខ្លួនឯង លែងមានការបង្ខិតបង្ខំឱ្យយកតាមគោលការណ៍ក្រសួងទៀតហើយ គឺគោរពទៅតាមគោលការរបស់សាលារៀនវិញដែលជាអ្នកទទួលបន្ទុក។

គួរបញ្ជាក់ផងដែរថា បញ្ហារឿងការកំណត់ម៉ូដសក់នេះគេឃើញថាសិស្សសាលានៅប្រទេសថៃតែងមានការទាមទារជាច្រើនលើច្រើនសា ដោយពួកគេអះអាងម៉ូដសក់វាពុំពាក់ព័ន្ធនឹងការសិក្សាឡើយ ដូចនេះក្រសួងគួរតែលើកលែងដើម្បីឱ្យសិស្សានុសិស្សមានសិទ្ធិក្នុងការធ្វើអ្វីដែលពួកគេចង់បាន៕