ជប៉ុនលុបចោលជើងហោះហើររាប់រយភ្លាមៗ ព្រោះធ្លាក់ព្រិល និង ខ្យល់បក់បោកខ្លាំងពេក

នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣ សារព័ត៌មានមួយបានចុះផ្សាយថា ប្រទេសជប៉ុន កំពុងមានបញ្ហាព្រិលធ្លាក់យ៉ាងខ្លាំងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ ដែលបង្ខំឱ្យមានការលុបចោលជើងហោះហើររាប់រយ ថែមទាំងរំខានដល់ការធ្វើដំណើរតាមរថភ្លើង និង បណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់។

ចាប់តាំងពីថ្ងៃទី ២៤ ខែមករា កន្លងមក ប្រទេសជប៉ុន បានទទួលរងនូវអាកាសធាតុត្រជាក់ខុសពីធម្មតា និង មានប្រព័ន្ធសម្ពាធទាបខ្លាំង ធ្វើឱ្យមានព្រិលធ្លាក់យ៉ាងគំហុកជាមួយខ្យល់បក់បោកពាសពេញប្រទេស។ ជាពិសេសនៅផ្នែកម្ខាងនៃប្រទេសមួយនេះ ដែលជាប់នឹងសមុទ្រគឺមានព្រិលធ្លាក់ខ្លាំងក្លា ជាក់ស្ដែងនៅទីក្រុង Maniwa ភាគខាងលិចនៃប្រទេសជប៉ុន ត្រូវបានឱ្យដឹងថា ព្រិលធ្លាក់មានកម្រាស់ដល់ទៅ ៩៣ សង់ទីម៉ែត្រក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។

ដោយឡែក ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានមួយថា មនុស្សម្នាក់បានស្លាប់ដោយសារខ្យល់ព្យុះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករួមមានទាំង ANA និង Japan Airlines បានលុបចោលជើងហោះហើររបស់ខ្លួនជាង ៣០០ ស្របពេលដែលនៅភាគខាងជើងនៃប្រទេសជប៉ុន ផ្នែកខាងសេវារថភ្លើងក៏ត្រូវបានផ្អាក និង ពន្យារពេលផងដែរ។

មិនតែប៉ុណ្ណោះ ទូរទស្សន៍ NHK របស់ជប៉ុន បានផ្សាយថា នៅលើផ្លូវហាយវ៉េមួយនៅភាគកណ្តាលប្រទេសជប៉ុន រថយន្ត ដឹកទំនិញមិនអាចផ្លាស់ទីក្នុងព្រិលបាន ហើយមានមនុស្សប្រហែល ៣០០០ នាក់ត្រូវបានជាប់គាំងនៅស្ថានីយ៍រថភ្លើងចំនួន ២ នៅភាគខាងលិចនៃទីក្រុងក្យូតូ ព្រោះមានព្រិលធ្លាក់ និង ខ្យល់បក់ខ្លាំង ដែលបង្ខំឱ្យសេវាកម្មនេះត្រូវផ្អាកតាំងពីថ្ងៃទី ២៤ ខែមករាមក រហូតអ្នកដំណើរមួយចំនួនបង្ខំចិត្តដេកនៅលើឥដ្ឋក្នុងស្ថានីយ៍រថភ្លើង។ លើសពីនេះ អ្នកដែលបានជាប់គាំងនៅលើរថភ្លើងយ៉ាងហោចណាស់ ១៥ ស្ថានីយ៍ត្រូវដើរកាត់ព្រិល ដើម្បីទៅដល់ស្ថានីយ៍ ដែលមានកន្លែងសម្រាក។

គួរបញ្ជាក់ដែរថា ខ្យល់បោកបក់ខ្លាំងបែបនេះ ក៏បានបណ្តាលឱ្យលិចកប៉ាល់ដឹកទំនិញមួយ ដែលបានចុះបញ្ជីនៅហុងកុង កាលពីថ្ងៃទី ២៥ ខែមករា កន្លងទៅ ដោយក្នុងនោះមាននាវិកចំនួន ១៣ នាក់ក្នុងចំណោម ២២ នាក់ត្រូវបានជួយសង្គ្រោះ និង កំពុងបន្តស្វែងរកបន្ថែមទៀត៕

ប្រភព៖ Reuters