អាជ្ញាធរក្រុងបាងកក ស្នើឱ្យអ្នកក្នុងក្រុងជាង ១០ គួរធ្វើការពីផ្ទះ ព្រោះបរិយាកាសអាចរងការបំពុលកាន់តែខ្លាំង

អាជ្ញាធរ​ក្រុង​បាងកក ប្រទេស​ថៃ បាន​​ថ្លែង​ជំរុញ​ពលរដ្ឋ​ទាំង​ជាង ១០ លាន​នាក់​ក្នុង​ក្រុង គួរ​តែ​ធ្វើ​ការ​ពី​ផ្ទះ​ទៅតាម​ដែល​អាច​ធ្វើ​បាន រួម​ទាំង​ផ្លាស់​ប្ដូរ​ពី​ការ​ប្រើប្រាស់​យានយន្តឯកជន មក​ជា​ការ​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ​វិញ ប្រសិន​បើ​ពួកគេ​ត្រូវការ​ធ្វើ​ដំណើរ​ទៅ​ទីណា​នោះ ខណៈ​ទីក្រុង​នា​ពេល​នេះ កំពុង​ប្រឈម​នឹង​ការ​បំពុល​បរិយាកាស​ខ្លាំង។

តាម​របាយការណ៍​ពី​សារព័ត៌មាន Blommberg បាន​ឱ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​ក្រុង នឹង​ព្យាយាម​ទប់ទល់​សកម្មភាព​នានា​ដែល​បង្ក​ជា​ធូលី​បំពុល ដូច​ជា ការ​ដុត​សំរាម​នានា​នៅ​បរិយាកាស​ខាង​ក្រៅ ការ​សាងសង់ និង ចំហេះ​ម៉ាស៊ីន​យានយន្ត​នានា​ជាដើម។

តាម​ការ​ព្យាករណ៍​ពី World Air Quality Project បាន​ឱ្យ​ដឹង​ថា ទីក្រុង​បាងកក អាច​នឹង​រង​ការ​ប៉ះពាល់​ដោយ​ការ​បំពុល​បរិយាកាស​លើស​កម្រិត​សុវត្ថិភាព​នៅ​ក្នុង​សប្ដាហ៍​នេះ។

គួរ​ឱ្យ​ដឹង​ថា ទីក្រុង​បាងកក និង ទីក្រុង​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​ថៃ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ បាន​ប្រឈម​នឹង​បញ្ហា​លើ​ខ្យល់​អាកាស​មិន​ល្អ។ ការ​បំពុល​បរិយាកាស​នេះ​ដែរ គឺ​អាច​នឹង​វិវដ្ត​ទៅ​កាន់​តែ​អាក្រក់​ឡើង អំឡុង​រដូវ​ក្ដៅ ចន្លោះ​ខែ​ធ្នូ និង ខែ​កុម្ភៈ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អភិបាល​ក្រុង Chadchart បាន​បញ្ជាក់​ដែរ​ថា ខាង​អាជ្ញាធរ នឹង​ធ្វើ​ការ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត លើ​កម្រិត​ពុល​នៃ​បរិយាកាស​នៅ​ទីក្រុង​បាងកក ចាប់​ពី​ពេលនេះ រហូត​ដល់​ចុង​ខែ​កុម្ភៈ​ខាង​មុខ ប៉ុន្តែ​ខណៈ​នេះ ខាង​សាលា​នានា​នៅ​ក្នុង​ក្រុង គឺ​នៅ​តែ​បន្ត​បើក​ដំណើរ​ការ​ជា​ធម្មតា​នៅ​ឡើយ​ទេ៕