ពិតជាសោកសង្រែង! តស៊ូរៀនច្រើនឆ្នាំ បែរមកអស់បុណ្យមុនថ្ងៃទទួលសញ្ញាបត្រ ឪពុកម្ដាយមកទទួលជំនួសទាំងទឹកភ្នែក

ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយឃើញរូបភាពដ៏រំជួលចិត្តរបស់ឪពុកម្ដាយរបស់និស្សិតមួយរូប បានមកទទួលសញ្ញាបត្រជំនួសកូន ព្រោះតែកូនប្រុសបានស្លាប់បាត់បង់ជីវិតទៅមុនពេលទទួលយកសញ្ញាបត្របញ្ចប់ការសិក្សារបស់ខ្លួន។

យោងតាមគណនីឈ្មោះ Sam Ath Houy បានរៀបរាប់ឱ្យដឹងថា ៖ «ឪពុកម្ដាយមកទទួលសញ្ញាបត្រជំនួសកូន អនិច្ចាសង្ខារមិនទៀង! អ្នកមានគុណទាំងទ្វេតស៊ូឱ្យកូនបានរៀនចប់ដោយជោគជ័យ ប៉ុន្ដែមច្ចុរាជបានមកយកជីវិតកូនមុនថ្ងៃទទួលសញ្ញាបត្រ ទុកឱ្យឪពុកម្ដាយទួញយំស្រណោះកូនពន់ពេក។ ម្ដាយពោល ៖ កូនអើយ! ម៉ែមកទទួលសញ្ញាបត្រជូនកូនហើយ!»។

ក្រោយឃើញសារ និង រូបភាពដ៏រំជួលចិត្តនេះមហាជនជាច្រើនក៏បានធ្វើការចែករំលែកពីគណនីមួយទៅគណីមួយទៀត ហើយមានមួយចំនួនក៏បានចូលបញ្ចេញមតិលើកទឹកចិត្តដល់អ៊ំប្រុសអ៊ំស្រី ដែលជាម្ដាយរបស់និស្សិតដែលបានចែកឋាននោះផងដែរ៕