ហោះលើអាកាសអស់ ១៣ ម៉ោង ចុងក្រោយចុះចតនៅព្រលានដដែល ព្រោះព្រលានមួយទៀតត្រូវទឹកលិចអស់

អ្នក​ដំណើរ​លើ​យន្តហោះ​មួយ​គ្រឿង ត្រូវ​បង្ខំ​ចិត្ត​វិល​ត្រឡប់​មក​កាន់​ព្រលាន​យន្តហោះ​ដដែល​វិញ ក្រោយ​ធ្វើ​ដំណើរ​ហោះហើរ​លើ​អាកាស​អស់​រយៈពេល ១៣ ម៉ោង។

ជើង​ហោះហើរ EK448 នៃ​យន្តហោះ Emirates បាន​ចាកចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​ឌូបៃ នៅ​វេលាម៉ោង ១០ និង ៣០ នាទី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០២៣ ឆ្ពោះ​ទៅ​កាន់​ទីក្រុង Auckland ប្រទេស New Zealand។ យន្តហោះ​មួយ​គ្រឿង​នេះ​ដែរ គឺ​រំពឹង​ថា​នឹង​ទៅ​ដល់​គោលដៅ​ក្នុង​រយៈពេល ១៦ ម៉ោង​ក្រោយ​ការ​ហោះហើរ ប៉ុន្តែ​ខណៈ​កំពុង​ហោះហើរ​នោះ ក៏​បាន​ជួប​ប្រទះ​បញ្ហា ពេល​ព្រលាន​យន្តហោះ​ក្រុង Auckland ត្រូវ​បាន​បិទ ដោយសារ​តែ​រង​ការ​លិចលង់​ពី​ភ្លៀងធ្លាក់​ខ្លាំង។

ក្រោយ​ហោះហើរ​បាន​រយៈពេល ១៣ ម៉ោង យន្តហោះ Emirates មួយ​គ្រឿង​នេះ​ក៏​ត្រូវ​បង្ខំ​ចិត្ត​បក​ក្បាល​ហោះ​ត្រឡប់​ទៅ​ព្រលាន​យន្តហោះ​ដើម​វិញ។

គួរ​បញ្ជាក់​ថា ព្រលាន​យន្តហោះ​ក្រុង Auckland ត្រូវ​បាន​ប្រកាស​បិទ និង លុប​ចោល​រាល់​ជើង​ហោះហើរ​ទាំង​ក្នុង​ស្រុក និង ក្រៅ​ស្រុក ក្រោយ​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក បណ្ដាល​ឱ្យ​អ្នក​ដំណើរ​មួយ​ចំនួន​នៅ​ក្នុង​ព្រលាន ត្រូវ​ជាប់​គាំង​លិចលង់​ក្នុង​ទឹក​ជ្រៅ​ដល់​ជង្គង់៕