ខ្យល់ពុលកំពុងវាយលុកនៅថៃ រហូតរដ្ឋាភិបាលប្រកាសឱ្យពលរដ្ឋធ្វើការនៅផ្ទះបើមិនចាំបាច់ចេញក្រៅ

កាលពីចុងខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ រដ្ឋាភិបាលក្រុងបាងកក ប្រទេសថៃបានថ្លែងជំរុញឱ្យពលរដ្ឋជាង ១០ លាននាក់រស់នៅក្នុងក្រុង គួរតែធ្វើការពីផ្ទះតាមតែអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្ដឯកជន និងមធ្យោបាយធ្វើដំណើរផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់បរិយាកាស ព្រោះតែកម្រិតខ្យល់ពុលនាពេលបច្ចុប្បន្នហាក់កំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។

ក្រោយប្រកាសគេសង្កេតឃើញថា ខ្យល់ពុលក៏ចាប់ផ្ដើមវាយលុកចូលប្រទេសថៃ បណ្ដាលឱ្យអ័ព្ទចាប់ផ្ដើមបង្ហាញខ្លួនក្រាស់ជាងសព្វមួយដងនៅក្នុងលំហអាកាស ប៉ុន្ដែអ័ព្ទនេះមិនល្អនោះទេ ដោយវាបង្កប់សារធាតុខ្យល់ពុលដែលអាចប៉ះពាល់ដល់សុខភាព ដែលគួរប្រុងប្រយ័ត្ន។

បើទោះបីជារដ្ឋាភិបាលថៃខំព្យាយាមទប់ស្កាត់ តែគេសង្កេតឃើញថាហាក់មិនទទួលជោគជ័យនោះឡើយ ដោយនៅទីតាំងអគារកញ្ចក់ជាន់ទី ៧៨ របស់អគារ Mahanakhon Skywalk គេសង្កេតឃើញនៅតែមានភ្ញៀវទេសចរណ៍ជាតិ និង អន្ដរជាតិជាច្រើននៅតែបន្ដទៅទស្សនា។

ក្នុងនោះ មានភ្ញៀវទេសចរណ៍កូរ៉េម្នាក់ឈ្មោះថា Jinho បានពោលថា៖ «ខ្ញុំធ្លាប់ឆ្លងកាត់វាមកហើយ នៅកូរ៉េក៏មានខ្យល់ពុលបែបនេះដែរ ហើយពួកយើងធ្លាប់ឆ្លងកាត់រួចហើយ ចឹងខ្ញុំគិតថាខ្ញុំស៊ាំទៅហើយនឹងការប្រឈមវា»។ ចំណែកភ្ញៀវជនជាតិតៃវ៉ាន់ម្នាក់ឈ្មោះថា Chen Hsuan Ting បានលើកឡើងថា៖ «ដោយច្រមុះខ្ញុំងាយប្រតិកម្ម រយៈពេល ២ ថ្ងៃកន្លងមកនេះ ខ្ញុំដកដង្ហើមមិនស្រួលសោះឡើយ ហើយរាងក្រហាយភ្នែកផងដែរ។ ខ្ញុំមកលេងបាងកកលើកនេះ គឺមិនសូវដូចការរំពឹងទុកទេ ដោយខ្ញុំគិតថាយើងឡើងមកលើនេះដើម្បីស្រូបយកខ្យល់អាកាស តែវាបែរជាខុសពីការគិត»។

គួរបញ្ជាក់ឱ្យដឹងដែរថា កម្រិតគុណភាពខ្យល់នាពេលបច្ចុប្បន្ននៅទីក្រុងបាងកក គឺនៅកម្រិត AQI ១៦៦ ដែលត្រូវបានគេចាត់ទុកថាជាកម្រិតគ្រោះថ្នាក់មួយ ដោយអ្នកដែលមានបំណងចេញក្រៅផ្ទះគួរពាក់ម៉ាស់ ដើម្បីការពារខ្លួន៕