ហួសចិត្ត! ចោរជើងល្អ លួចប្រមូលរបស់របរបោសអស់រលីងពីផ្ទះ មិនសល់សូម្បីតែខោក្នុង

នៅថ្ងៃទី ១​ ខែកុម្ភៈ ឆ្នាំ​ ២០២៣ កន្លងទៅនេះ មានរឿងរ៉ាវករណីលួចមួយ ត្រូវបានចែកចាយពេញបណ្តាញសង្គម ធ្វើឱ្យមានការហួសចិត្តជាពន់ពេក ដោយលោកចោរ លេងចូលលួចអស់រលីងពីផ្ទះ ស្អីក៏មិនសល់ មិនទុកសូម្បីខោលីអូ សល់តែសម្បកផ្ទះល្ហល្ហេវ ដូចផ្ទះទុកចោល។

រឿងរ៉ាវមួយនេះ បានកើតឡើងនាខេត្តក្រៈប៊ី ប្រទេសថៃ ដោយម្ចាស់ផ្ទះជាបុរសអាយុ ៥៧ ឆ្នាំ​ បានរៀបរាប់ឱ្យដឹងថា ផ្ទះមួយខ្នងនោះ រូបលោកបានធ្វើឱ្យកូនស្រី ដោយមិនទាន់សាងសង់ស្រេចរួចរាល់អស់នៅឡើយទេ នៅសល់កន្លែងខ្លះ តែបានដាក់ទ្វារដាក់បង្អួចរួចរាល់ហើយ។ ចំណែកកូនស្រីក៏បានរើអីវ៉ាន់ គ្រែពូក ខោអាវ ចង្រ្កានជើងឆ្នាំង ចូលមកនៅជាបណ្តើរៗហើយផងដែរ ប៉ុន្តែមិនសូវបានមកនៅប៉ុន្មាននោះទេ ២ ឬ ៣ ថ្ងៃ ទើបមកដេកម្តង។

រហូតមកដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ​ ២០២៣ កន្លងទៅនេះ​ មានអ្នករត់មកប្រាប់ខ្លួនថា បាត់បង្អួចផ្ទះអស់ហើយ ទើបខ្លួនក៏ប្រញាប់រត់មកមើល ស្រាប់តែស្ទើរទន់ជង្គង់ ព្រោះរបស់របរបាត់អស់ពីផ្ទះរលីង ទាំងទ្វារទាំងបង្អួច គ្រែដេក ចានឆ្នាំង សូម្បីតែខោក្នុងក៏មិនសល់ដែរ ពោលគឺសល់តែសម្បកផ្ទះប៉ុណ្ណោះ ហើយលើសពីនេះថែមទាំងបន្ទោរបង់នៅក្នុងផ្ទះនោះទៀត។

យ៉ាងណាមិញ បុរសខាងលើខាង​ ក៏បានទៅដាក់ពាក្យបណ្តឹងទៅប៉ូលិសហើយ តែនៅមិនទាន់មានការដំណើរក្តីត្រួតពិនិត្យណាមួយឡើយ ហើយអ្វីដែលគួរឱ្យហួសចិត្តនោះ គឺចោរ​បានផ្ញើសារមកប្រាប់ថា លួចនេះគឺមានអ្នកប្រើឱ្យមកលួចទៀតផង៕