មនុស្សជាង ៣៧ ម៉ឺននាក់ កំពុងរងផលប៉ះពាល់សុខភាពដោយសារឥទ្ធិពលខ្យល់ពុលនៅថៃ

ថ្មីៗនេះ រដ្ឋាភិបាលថៃ បានប្រកាសឱ្យប្រជាជនខ្លួនធ្វើការពីផ្ទះ ឬស្នាក់នៅផ្ទះ បើពុំមានការចាំបាច់កុំចេញក្រៅ ព្រោះតែកម្រិតខ្យល់ពុលក្នុងបរិយាកាសថៃបានឡើងដល់ចំណុចគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភ។

គិតត្រឹមថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ មន្ត្រីសុខាភិបាលថៃបានប្រកាសឱ្យដឹងថា គេបានរកឃើញមនុស្សជាង ៣៧៦ ០០០ នាក់ដែលកំពុងរងផលប៉ះពាល់សុខភាពដែលបណ្ដាលមកពីកម្រិតខ្យល់ពុលនេះ ដោយក្នុងនោះមានអ្នកជំងឺជាង ១៦ ៣០០ នាក់ជាក្រុងអ្នកជំងឺផ្លូវដង្ហើម ដោយទិន្នន័យនេះគិតត្រឹមរយៈពេលតែ ៣ ថ្ងៃចុងក្រោយនៃរបាយការណ៍តែប៉ុណ្ណោះ។

តំបន់ដែលរងឥទ្ធិពលខ្លាំងហើយមានអ្នកជំងឺប៉ះពាល់សុខភាពច្រើនបំផុតមានចំនួន ១៤ ខេត្តដូចជា Lamphun, Chiang Mai, Sukhothai, Nonthaburi, Pathum Thani, Ayutthaya, Saraburi, Ang Thong, Samut Sakhon, Ratchaburi, Samut Songkhram, Samut Prakan, Nakhon Phanom, និង Bangkok ដោយកម្រិតគុណភាពខ្យល់ PM 2.5 ស្ថិតនៅចន្លោះពី ១០១-១៥៨។

វេជ្ជបណ្ឌិត Narong បានចេញសេចក្ដីប្រកាសបន្ថែមថា៖ «ដោយអ្នកជំងឺមានការកើនឡើង ជាពិសេសអ្នកជំងឺផ្លូវដង្ហើម ហេតុដូចនេះសូមបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវពាក់ម៉ាស់ពេលចេញក្រៅផ្ទះការពារធូលី និងខ្យល់ពុល មិនត្រូវដុតសំរាម មិនថាជាក្រដាស ផ្លាស្ទិក ឬអុចធូបនោះឡើយ សូមបិទភ្លើងបើមិនចាំបាច់ប្រើ និងសុំកាត់បន្ថយការចេញក្រៅ ឬការរត់ហាត់ប្រាណនៅតាមទីសាធារណៈទាំងពេលព្រឹក និងល្ងាច និងសូមដានតាមពីកម្រិតគុណភាពខ្យល់មុនពេលចាកចេញពីផ្ទះផងដែរ។ បើមានរោគសញ្ញាផ្នែកសុខភាព សូមធ្វើការពិគ្រោះជាមួយគ្រូពេទ្យ»៕

ប្រភព៖ Khaosod

A view of the city amid air pollution in Bangkok, Thailand, February 2, 2023. REUTERS/Athit Perawongmetha