អ្នកដំណើរជាង ៣០០ នាក់ព្រលឹងចុងសក់ ព្រោះរៀបហោះឡើងហើយ សម្បកកង់យន្តហោះផ្ទុះឆេះ(វីដេអូ)

សារព័ត៌មាន Daily Mail បានចុះផ្សាយកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថា ម៉ាស៊ីនរបស់យន្តហោះទេសចរណ៍មួយគ្រឿងរបស់រុស្ស៊ីបានផ្ទុះ បង្កជាអណ្តាតភ្លើងនៅឯព្រលានយន្តហោះអន្តរជាតិភូកេត នៃប្រទេសថៃ ខណៈពេលដែលនៅលើយន្តហោះនោះមានផ្ទុកភ្ញៀវទេសចរចំនួន ៣២១ នាក់ ដោយបានធ្វើឱ្យអ្នកបើកបរសម្រេចបញ្ឈប់ការហោះហើរភ្លាមៗ។

នៅលើយន្តហោះទេសចរណ៍រុស្ស៊ីមួយគ្រឿងឈ្មោះ Boeing 767-306ER នៅឯព្រលានយន្តហោះក្នុងខេត្តភូកេត នៃប្រទេសថៃ មានអ្នកដំណើរសរុបចំនួន ៣០៩ នាក់ និង អ្នកបម្រើការលើយន្តហោះចំនួន ១២ នាក់ ត្រូវបានជម្លៀសចេញ និង បង្ខំឱ្យរង់ចាំប្ដូរយន្តហោះថ្មី។

យ៉ាងណាមិញ របាយការណ៍បានបង្ហាញថា សម្បកកង់ចុះចតរបស់យន្តហោះនៅផ្នែកខាងស្ដាំបានឆេះបង្កជាអណ្តាតភ្លើង ដោយមានការសង្ស័យថា យន្តហោះរបស់ក្រុមហ៊ុនរុស្ស៊ីនេះមិនបានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព និង បានព្យាយាមដំណើរការយន្តហោះ ទាំងចាស់គ្មានការថែទាំត្រឹមត្រូវ បន្ទាប់ពីមានការដាក់ទណ្ឌកម្មពីខាងលោកខាងលិចយ៉ាងខ្លាំងពីបញ្ហាសង្រ្គាម។

គួរបញ្ជាក់ដែរថា យន្តហោះមួយគ្រឿងនេះមានអាយុ ២៦ ឆ្នាំមកហើយ ដោយដំណើរការដោយក្រុមហ៊ុនជួល Azur Air ហើយពេលកើតហេតុ គឺយន្តហោះនោះបានធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភូកេត នៃប្រទេសថៃ ទៅកាន់ទៅក្រុងមូស្គូ នៃប្រទេសរុស្ស៊ី។

ដោយឡែក សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីវិញបានលើកឡើងថា ៖ «អ្នកជំនាញបច្ចេកទេសក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្តើមការងាររួចហើយ ដើម្បីកុំឱ្យមានបញ្ហានេះ។ ហើយអ្នកដំណើរនៃជើងហោះហើរ ZF-3604 នឹងត្រូវបានផ្តល់ជូនសណ្ឋាគារ អាហារ និង ភេសជ្ជៈកំឡុងពេលរង់ចាំការចាកចេញទៅកាន់ទីក្រុងមូស្គូ»៕

ប្រភព៖ Daily Mail