ផ្ទុះការវែកញែក! រឿងខ្សែក្រវ៉ាត់មានអក្សរខ្មែរ ផេកព្រះតេជគុណ ហាក់ សៀងហៃ បកស្រាយអត្ថន័យតួអក្សរភ្លែត

នៅយប់ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានផ្ដួលគូប្រកួតកីឡាករអង់គ្លេស Thomas Carpenter ឱ្យសន្លប់ត្រឹមទឹកទី ១ នៅសង្វៀន Thai Fight តាមរយៈការប្រើជង្គង់ដ៏មុតស្រួច រហូតទទួលបានខ្សែក្រវ៉ាត់ទៀតផង។

ក្រោយទទួលបានជ័យជម្នះពីសណាក់កីឡាករ ព្រំ សំណាង លើកីឡាករអង់គ្លេសហើយនោះ ភ្លាមៗមហាជនក៏បានផ្ទុះការវែកញែកពេញបណ្ដាញសង្គម ពាក់ព័ន្ធនឹងខ្សែក្រវ៉ាត់ដែលមើលទៅមានសរសេរជាអក្សរខ្មែរព្រោងព្រាត។

ក្រោយមានការវែកញែកនេះ នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ តាមរយៈផេករបស់ព្រះតេជគុណ ហាក់ សៀងហៃ ឈ្មោះ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា -BEC បានស្រាយអត្ថន័យនៃពាក្យដែលមាននៅលើខ្សែក្រវ៉ាត់បែបនេះថា ៖

– នមោ ពុទ្ធាយ ៖ សូមនមស្ការថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធ

– ឧ អា ក ស ៖

. ឧ គឺ ឧដ្ឋានសម្បទាៈ ដល់ព្រមដោយការប្រឹងប្រែង

. អា គឺ អារក្ខសម្បទាៈ ដល់ព្រមដោយការថែរក្សា

. ក គឺ កល្យាណមិត្តតាៈ មានមិត្តល្អ

. ស គឺ សមជីវិតាៈ ចិញ្ចឹមជីវិតដោយស្មើ (ចេះចាយវាយ ទុកដាក់)។

យ៉ាងណាមិញ ចំពោះរឿងនេះបើតាមប្រភពដដែលបានឱ្យដឹងទៀតថា បើគិតជាវិជ្ជមាន អក្សរសាស្រ្តវប្បធម៌យើង មានឥទ្ធិពលផ្សព្វផ្សាយជ្រួតជ្រាបដល់ប្រទេសជិតខាងយកទៅប្រើប្រាស់ ដូចនេះបើបានផ្សព្វផ្សាយទៅកាន់ពិភពលោកទៀត កាន់តែល្អប្រពៃ៕