គួរឱ្យអាណិត! ក្មេងប្រុសមួយរូបដែលមានជីវភាពខ្វះខាត គ្មានសូម្បីតែសម្លៀកបំពាក់គ្រប់គ្រាន់សម្រាប់ស្លៀកពាក់ទៅសាលារៀនដូចគេឯង

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីរំជួលចិត្តទៅលើក្មេងប្រុសមួយរូបដែលមានជីវភាពខ្វះខាត គ្មានសូម្បីតែសម្លៀកបំពាក់គ្រប់គ្រាន់សម្រាប់ស្លៀកពាក់ទៅសាលារៀនដូចគេឯង គួរឱ្យអាណិតអាសូរបំផុត។

ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីមួយដែលមានឈ្មោះ NaNy Ya បានបង្ហោះបញ្ជាក់នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ឱ្យបានដឹងថា ក្មេងប្រុសរូបនេះមានឈ្មោះថា តី សុតែក ជាសិស្សថ្នាក់ទី ២ (ក) នៃសាលាបឋមសិក្សា ត្រពាំងប្រីយ៍ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

យោងតាមស្ថានភាពតោកយ៉ាកខាងលើរបស់ក្មេងប្រុស ម្ចាស់គណនីបានអំពាវនាវដល់បងប្អូនទាំងអស់គ្នាសង្ឃឹមថា បងប្អូននឹងជួយក្មេងប្រុសរូបនេះដោយក្ដីអាណិតមេត្តា អាចជាសម្ភារសិក្សា សម្លៀកបំពាក់តាមទឹកចិត្ត និង លទ្ធភាពរបស់បងប្អូន។

ខាងក្រោមនេះជាកិច្ចសន្ទនាដ៏រំជួលចិត្តរវាងម្ចាស់គណនី និង ក្មេងប្រុស ៖

 

ខ្ញុំ : តើកូនមានអាវរៀនចំនួនប៉ុន្មាន?

សុតែក : មាន ១ (ឆ្លើយដោយខ្មាសអៀន ព្រោះ ១ ហ្នឹងជាអាវពាក់នៅលើខ្លួន)

ខ្ញុំ: តើកូនមានខោទាំងអស់ប៉ុន្មាន?

សុតែក : មាន ៤ (គ្មានខោរៀនទេ ពេលមករៀនគាត់ស្លៀកខោកីឡា ដែលមានសភាពចាស់ រហែក និង យារធ្លាក់ព្រោះអស់កៅស៊ូ)

ខ្ញុំ: តើកូនមានស្បែកជើងពាក់ទេ?

សុតែក: មិនមានទេ (គាត់តែងតែមករៀនទាំងអត់ស្បែកជើងជារៀងរាល់ថ្ងៃ)

ខ្ញុំ: តើកូនរស់នៅជាមួយនរណា?

សុតែក: ខ្ញុំរស់នៅជាមួយម៉ែ និង តា ហើយម៉ែខ្ញុំគាត់ដើរឃ្វាលគោ ពុកខ្ញុំគាត់ស្លាប់ហើយ ឯតាវិញពិការជើង៕