រកឃើញយុវតីសំណាងខ្ពស់ម្នាក់ ដែលបានជាប់ក្រោមគំនរអគារជាង ២៤៨ ម៉ោង (ប្រមាណ ១០ ថ្ងៃ ៨ ម៉ោង) តែនៅរស់រានមានជីវិត

គិតមកទល់ពេលនេះអស់រយៈពេលជាង ១១ ថ្ងៃហើយដែលគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្របានកើតឡើងលើប្រទេសតួកគី និងស៊ីរី បណ្ដាលឱ្យអ្នកស្លាប់ប្រមាណជាង ៤២ ០០០ នាក់ ហើយនៅមានអ្នកជាប់ក្រោមគំនរអគារបាក់បែក ដែលកំពុងរុករក និងកាយចេញបើទោះបីជាមានសង្ឃឹមថាស្វែងរកអ្នកមានជីវិតតិចក្ដី។

យ៉ាងណាមិញ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ គេបានរកឃើញយុវតីសំណាងខ្ពស់ម្នាក់ ដែលបានជាប់ក្រោមគំនរអគារជាង ២៤៨ ម៉ោង (ប្រមាណ ១០ ថ្ងៃ ៨ ម៉ោង) តែនៅរស់រានមានជីវិត។

យុវតីរូបនោះត្រូវបានគេស្គាល់ឈ្មោះថា Aleyna Olmez។ ក្រោយរកឃើញនាងភ្លាមក្រុមសង្គ្រោះបានផ្ដល់ទឹកឱ្យនាងបរិភោគ មុននឹងបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព។ Aleyna បានរៀបរាប់ថា៖ «នាងពុំអាចធ្វើអ្វីបានទាំងអស់អំឡុងពេលជាប់ក្រោមអគារ ក្រៅពីធ្វើការរង់ចាំទាំងអស់សង្ឃឹម មុននឹងប្រើកម្លាំងដែលមានចុងក្រោយរង្គើដីពេលលឺសំឡេងក្រុមសង្គ្រោះ ដោយនាងគិតថានាងប្រហែលជាគ្មានសង្ឃឹមទេ»។

ក្រុមគ្រួសារ Aleyna បានរៀបរាប់ទាំងរំភើបពេលរកឃើញនាងថា៖ «បើទោះបីជាមានសង្ឃឹមតិច តែពួកយើងមិនដែលភ្លេចនាងទេ ហើយយើងពិតជាអរគុណព្រះជាម្ចាស់ណាស់ ដែលនាងនៅរស់រានមានជីវិត»៕