គួរឱ្យបារម្ភ! ទឹកកកមហាសមុទ្រ​អង់តាកទិក បានចាប់ផ្តើមរលាយ និង បន្តរលាយអស់ជាច្រើនទៀត

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះ មជ្ឈមណ្ឌល​ខាង​ប្រមូល​ទិន្នន័យ​ព្រិល និង ទឹកកក​ប្រចាំ​សហរដ្ឋ​អាមេរិក (NSIDC) បាន​បញ្ជាក់​ថា ទឹកកក​នៃ​មហាសមុទ្រ​អង់តាកទិក បាន​ថយ​ចុះ​ខ្លាំង​រហូត​នៅ​សល់​ត្រឹម ១.៩១ លាន​គីឡូម៉ែត្រ​ការ៉េ​ក្នុង​សប្ដាហ៍​នេះ។

នេះ​គឺ​ជា​ចំនួនដ៏​ទាប​មួយ​មិន​ធ្លាប់​មាន គិត​តាំង​ពី​ទិន្នន័យ​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ ១៩៧៩ មក។ ជាមួយ​គ្នានេះដែរ នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត ​ផ្ទៃទឹកកកនៅមហាសមុទ្រអង់តាកទិកត្រូវគេរំពឹង​ថា​ នឹង​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត មុន​ឈាន​ដល់​កម្រិត​អប្បបរមា​ប្រចាំ​ឆ្នាំ។

យ៉ាងណាមិញ ការ​រលាយ​នៃ​ទឹកកក​សមុទ្រ​នេះ គឺ​មិន​មាន​ផលប៉ះពាល់​ដល់​កម្រិត​ទឹក​សមុទ្រ​នោះ​ឡើយ ព្រោះ​ថា​ទឹកកក​វា​នៅ​ក្នុង​សមុទ្រ​ស្រាប់ ប៉ុន្តែ​វា​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​កម្ដៅ​ផែនដី​កាន់​តែ​កើន​ឡើង។ ជាក់ស្ដែង នៅ​ពេល​សមុទ្រ​គ្របដណ្ដប់​ដោយ​ទឹកកក រាល់​ថាមពល​ព្រះអាទិត្យ​ដែល​ជះ​មក​ភពផែនដី ៩០ ភាគរយ​នឹង​ឆ្លុះ​ផ្លាត​ត្រឡប់​ទៅ​លើ​អាកាស​វិញ តែប្រសិន​បើ​ទឹកកក​រលាយ​ក្លាយ​ជា​ទឹក​ធម្មតា នោះ​ទឹក​នឹង​ស្រូប​យក​កម្ដៅ​ព្រះអាទិត្យ និង បណ្ដាល​ឱ្យ​ផ្ទៃ​សមុទ្រ​ចាប់ផ្ដើម​ឡើង​កម្ដៅ៕