តួកគី បញ្ឈប់ការរុករកមួយផ្នែកធំ ងាកទៅផ្ដើមសាងសង់អគារឡើងវិញ ក្រោយជួបគ្រោះរញ្ជួយដី

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០២៣ កន្លង​ទៅ ចំនួន​ករណី​​ស្លាប់​ដោយ​គ្រោះរញ្ជួយដី​ក្នុង​ប្រទេស​តួកគី បាន​កើន​ឡើង​ដល់​ជាង ៤០ ៦៨៩ នាក់ និង រំពឹង​ថា​នឹង​នៅ​មាន​ជនរងគ្រោះ​បន្ថែម​ទៀត ព្រោះ​មនុស្ស​ជាច្រើន​នៅ​កំពុង​បាត់ខ្លួន​នៅ​ឡើយ។ គ្រោះរញ្ជួយដី​ដ៏​សាហាវ​នៅ​ប្រទេស​តួកគី បាន​បំផ្លិចបំផ្លាញ​សំណង់​អគារ​ចំនួន ៧ ម៉ឺន​ខ្នង និង អគារ​អាផាតមិន​ចំនួន ២៦៤ ០០០ ខ្នង។ បើ​និយាយ​ដល់​ខាង​សេដ្ឋកិច្ច​វិញ គ្រោះ​រញ្ជួយដី​នោះ​ដែរ បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ១០ ខាត​បង់​ទឹកប្រាក់​ប្រមាណ​ជា ៨៥ ពាន់​លាន​ដុល្លារ។

យ៉ាង​ណា​មិញ នៅ​យប់​ថ្ងៃ​ដដែល (១៩ កុម្ភៈ) ទី​ភ្នាក់ងារ​គ្រប់គ្រង​គ្រោះ​អាសន្ន និង គ្រោះ​មហន្តរាយ​ប្រចាំ​ប្រទេស​តួកគី បាន​ប្រកាស​បិទ​បញ្ចប់​បេសកកម្ម​រុករក​លើ​ទីតាំង​មួយ​ចំនួន​ធំ លើកលែង​តែ​ខេត្ត Hatay និង Kahhramanmaras ប៉ុណ្ណោះ។

ស្រប​ពេល​នឹង​ការ​ប្រកាស​បញ្ចប់​ការ​រុករក​នេះ​ដែរ តួកគី ក៏​បាន​ចាប់ផ្ដើម​ដំណើរការ​សម្អាត​គំនរ​អគារ​បាក់បែក និង ធ្វើ​ការ​សាងសង់​ឡើង​វិញ។ ជាមួយ​គ្នា​នោះ​ដែរ អនុប្រធានាធិបតី​ប្រចាំ​ប្រទេស​តួកគី ក៏​បាន​ប្រកាស​បង្កើត​យុទ្ធនាការ​មួយ​ហៅ​ថា «My home is also your home» ដើម្បី​អំពាវនាវ​ដល់​សប្បុរសជន​ដែល​មាន​ផ្ទះ​ច្រើន មាន​សណ្ដានចិត្ត​ចង់​ជួយ​ផ្ដល់​ជា​ជម្រក​ដោយ​ឥត​គិត​ថ្លៃ ឬ ដាក់​ជួល​ក្នុង​តម្លៃ​សមរម្យ​ណា​មួយ​ទៅ​ដល់​ជន​រងគ្រោះ៕