គ្រឿងអលង្ការបុរាណខ្មែរចំនួន ៧៧ គ្រឿង បានវិលត្រឡប់មកកម្ពុជាវិញហើយ ក្រោយឃ្លាតស្រុកទេសច្រើនឆ្នាំ

នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រកាសជូនដំណឹងថា អនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ ២០២០ រវាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ជាតំណាងរដ្ឋាភិបាលកម្ពុជា និង គ្រួសារលោក ឌូគ្លាស ឡាតហ្វដ នឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។\

បន្ទាប់ពីវត្ថុបុរាណខ្មែរ ធ្វើពីថ្ម និង សំរឹទ្ធមួយចំនួន ដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ ២០២១ កន្លងមក នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងារកម្ពុជាដែលដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភាទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍ ព្រមទាំងមន្រ្តីជំនាញកម្ពុជា បានអញ្ជើញទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរសរុបចំនួន ៧៧ គ្រឿងថែមទៀត ពីក្រុមគ្រួសារលោក ឡាតហ្វដ។

គួរបញ្ជាក់ដែរថា គ្រឿងអលង្ការបុរាណទាំងនោះបានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលមានដូចជា ក្បាំងមកុដ ខ្សែ-ក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និង សម័យអង្គរ ជាគ្រឿងអលង្ការមាស និង លោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និង លោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក៕

ប្រភព និង រូបភាពដោយ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ