នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចេញសេចក្ដីជូនដំណឹង ទាក់ទិនករណី ក្មេងស្រីអាយុ ១១ ឆ្នាំ រកឃើញផ្ដាសាយបក្សី H5N1 និង បានបាត់បង់ជីវិតដោយឆ្លងជំងឺផ្ដាសាយបក្សី H5N1

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានចេញសេចក្ដីជូនដំណឹង ទាក់ទិនករណី ក្មេងស្រីអាយុ ១១ ឆ្នាំ រកឃើញផ្ដាសាយបក្សី H5N1 និង បានបាត់បង់ជីវិតដោយឆ្លងជំងឺផ្ដាសាយបក្សី H5N1។

ខាងនាយកដ្ឋានបានបញ្ជាក់ឱ្យដឹងថា កុមារីដែលបានបាត់បង់ជីវិត មានអាយុ​ ១១ ឆ្នាំ​ ៦ ខែ​ រស់នៅភូមិ​ រលាំង​ ឃុំ​រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង​។ កុមារី​ចាប់ផ្ដើមឈឺនៅថ្ងៃទី ១៦​ ខែកុម្ភៈ​ ឆ្នាំ ២០២៣​ ដោយមានរោគសញ្ញាគ្រុនក្តៅ​ ៣៩ អង្សាសេ​ ព្រមទាំងមានក្អក​ ឈឺក​។

ក្រោយព្យាបាលនៅមូលដ្ឋានមិនធូរស្រាល ដោយកុមារីចាប់ផ្ដើមហត់ក៏បញ្ជូនព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ​។ នៅថ្ងៃទី ២១​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ គ្រូពេទ្យព្យាបាល បានយកវត្ថុផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ​ រួចទទួលលទ្ធផល​ នៅថ្ងៃទី​ ២២​ ខែកុម្ភ:​ ឆ្នាំ២០២៣​ បញ្ជាក់ថាមានវិជ្ជមាន​ មេរោគផ្តាសាយបក្សី​ H5N1 ចំណែកកុមារីបានបាត់បង់ជីវិត ក្រុមគ្រួសារបានចាត់ចែងរៀបចំពិធីបុណ្យសពតាមប្រពៃណីនៅគេហដ្ឋាន។

ភ្ជាប់ទៅនឹងករណីនេះ ខាងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សំណូមពរឱ្យបងប្អូនកុំប៉ះពាល់សត្វឈឺ ឬងាប់​ ទាំងសត្វបក្សីស្រុក និង បក្សីព្រៃ​ ខណៈអ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ​ ឬ រាយការណ៍ទៅលេខ​ ១១៥​ ជាបន្ទាន់៕