កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ជូនម៉ូតូធំមួយគ្រឿងដើម្បីធ្វើដំណើរហ្វឹកហាត់គុនខ្មែរ នៅកម្ពុជា

អតីតម្ចាស់ខ្សែក្រវាត់ IPCC World Champion ជនជាតិប្រេស៊ីល កីឡាករ Thiago Teixeira ថ្មីៗនេះបានចាប់អារម្មណ៍ប្រទេសកម្ពុជាជាខ្លាំង រហូតដល់លោកដាក់ចិត្តដាក់កាយមកហ្វឹកហាត់រៀនសូត្រពីគុនខ្មែរ ក្នុងក្លិបនៅក្នុងប្រទេសកម្ពុជា រយៈពេល ៣ សប្ដាហ៍ ដើម្បីពង្រឹងសមត្ថភាពរបស់លោក។

ទន្ទឹមទៅនឹងការដាក់ចិត្តដាក់កាយមកហ្វឹកហាត់នៅកម្ពុជានេះ នៅព្រឹកថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ នេះ ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានផ្ដល់ជូនម៉ូតូចំនួនមួយគ្រឿង ជូនដល់កីឡាករ Thiago Teixeira គ្រាន់ជិះដើម្បីទៅហ្វឹកហាត់គុនខ្មែរ។

ឧកញ៉ាចិត្តធម៌រូបនេះ បានបញ្ជាក់ឱ្យដឹងថា ៖ «ខ្ញុំមិនបានណាត់ Thiago មកការិយាល័យរបស់ខ្ញុំនោះទេ ប៉ុន្តែចៃដន្យអីគាត់បានឆាតមកលោកគ្រូ សេន ប៊ុនថេន ដើម្បីសួរនាំអំពីការជួលម៉ូតូ ព្រោះគាត់ត្រូវការម៉ូតូមកជិះដើម្បីទៅហ្វឹកហាត់គុនខ្មែរ។ Thiago បាននិយាយថា គាត់ស្រឡាញ់ប្រទេសកម្ពុជា ប្រជាជនកម្ពុជា វប្បធម៌ និង គុនខ្មែរជាខ្លាំង។ ដូច្នេះហើយគាត់មកប្រទេសកម្ពុជាចំនួន ៣ សប្តាហ៍ដើម្បីមករៀនសូត្រពីគុនខ្មែររបស់យើង។ ដោយខ្ញុំបានឮថា Thiago ត្រូវការជួលម៉ូតូបែបនេះ ខ្ញុំក៏បានជូនម៉ូតូមួយគ្រឿងដល់ Thiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់ និង តម្រូវការប្រចាំថ្ងៃផ្សេងៗ។ អរគុណ Thiago ដែលស្រឡាញ់ប្រទេសកម្ពុជា វប្បធម៌ និង កីឡាគុនខ្មែររបស់កម្ពុជា។ ជូនពរ ជោគជ័យនៅក្នុងវិស័យមួយនេះ ខ្ញុំ និង ប្រជាជនកម្ពុជាគាំទ្រអ្នកជានិច្ច»