ប្រទះឃើញកូនផ្សោតថ្មី ដែលទើបកើតនៅកន្លែងអភិរក្សអន្លង់កាំពី ដោយមានការអបអរសាទរពីផ្សោតមួយហ្វូង ដែលមានចំនួនប្រមាណពី ៧ ទៅ ៨ ក្បាល

យោងតាមសារបង្ហោះរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅល្ងាចថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅនេះថាក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សហការជាមួយអង្គការ WWF បានចុះធ្វើជំរឿនសត្វផ្សោតទន្លេមេគង្គ ហើយបានប្រទះឃើញកូនផ្សោតថ្មី ដែលទើបកើតនៅកន្លែងអភិរក្សអន្លង់កាំពី ត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការអបអរសាទរពីផ្សោតមួយហ្វូង ដែលមានចំនួនប្រមាណពី ៧ ទៅ ៨ ក្បាល។

ទន្ទឹមនឹងនេះ យោងតាមការសន្និដ្ឋានរបស់ក្រុមជំនាញបានបង្ហាញថា កូនផ្សោតថ្មីនេះទើបនឹងកើតនៅថ្ងៃទី ២៧ ឬ ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ មានទម្ងន់ពី ៩ ទៅ ១០ គីឡូក្រាមប្រវែង ១ ម៉ែត្រ និង មានសុខភាពល្អ ដែលបានកើតស្របពេលមានការទទួលនូវអនុក្រឹត្យថ្មី ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ដីពីការបង្កើតតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ។

គួរបញ្ជាក់ដែរថា ឆ្មាំទន្លេ និង អ្នករត់ទូកដ បានឱ្យដឹងទៀតថា មានកូនផ្សោតផ្សេងមួយក្បាលទៀត បានកើតនៅដើមខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ ដែលនេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងការពាររួមគ្នារវាងស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ៕