ចរាចរណ៍ម្ដុំស្ពានច្បារអំពៅស្ទះកកកុញខ្លាំង ពេលនេះរដ្ឋបាលរាជធានីភ្នំពេញចេញវិធានការ ៥ យ៉ាង

រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាដោះស្រាយការកកស្ទះចរាចរណ៍ នៅការដា្ឋនសាងសង់ស្ពានអាកាសព្រះមុនីវង្ស។

ខាងរដ្ឋបាលបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីមានការកកស្ទះចរាចរណ៍ខ្លាំងនៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៣ មក ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសធ្វើការប្រជុំពិភាក្សាបន្ទាន់ ដើម្បីរកដំណោះស្រាយ ដោយទទួលបាន លទ្ធផលដូចខាងក្រោម៖

១.រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ធ្វើការបង្រួមរបងហ៊ុំព័ទ្ធការដ្ឋានឱ្យបានតូចបំផុតតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទុកលំហូរចរាចរណ៍បានធំ។

២.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅពេលចរាចរណ៍មមាញឹក។

៣.សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើការតាំងលក់ ក្នុងការបម្រើឱ្យអាជីវកម្មលក់ដូររបស់ខ្លួន ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវទាំងនោះ ចំណែក បងប្អូនប្រជាពលរដ្ឋអ្នកទិញទំនិញមិនត្រូវធ្វើការឈប់ ឬចតលើទ្រូងផ្លូវឡើយ ហើយសមត្ថកិច្ចនឹងធ្វើការចុះរៀបចំសណ្តាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាលចំពោះអ្នកដែលនៅតែប្រើប្រាស់ចិញ្ចើមផ្លូវ ធ្វើការលក់ដូរ។

៤. មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវធ្វើការសិក្សាដាក់សាឡាងដើម្បីឱ្យបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ) បន្ថែមលើសាឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រដែលមានបច្ចុប្បន្ន។

 

៥. នៅពេលវេលាចរាចរណ៍មមាញឹក សូមបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាព និងចេះប្រើប្រាស់ APP GOOGLE MAPS. មេត្តាប្រើប្រាស់ជាជំនួយក្នុងការពិនិត្យមើលការកកស្ទះចរាចរណ៍នៅតំបន់ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ពេលឃើញមានការកកស្ទះចរាចរណ៍ សូមបងប្អូន ប្រជាពលរដ្ឋប្រើប្រាស់ផ្លូវផ្សេងប្រសិនបើមានជម្រើស។

 

ទាក់ទិននឹងការកកស្ទះនេះ ខាងរដ្ឋបាលក៏បានសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ យោគយល់ និង អធ្យាស្រ័យខ្ពស់ ចំពោះការកកស្ទះចរាចរណ៍ក្នុងពេលដំណើរការការដ្ឋានសាងសង់ស្ពានខាងលើ ហើយនៅពេលដែលការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចរាល់ជាស្ថាពរ នឹងអាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតំបន់នេះបានទាំងស្រុង ដូចស្ពានអាកាសចោមចៅជាដើម៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖