មហាសេដ្ឋីពិភពលោក Elon Musk គ្រោងចំណាយលុយសាងសង់ទីក្រុងផ្ទាល់ខ្លួន

តាមការចេញផ្សាយពីសារព័ត៌មាន UNILAD កាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ បានឱ្យដឹងថា មហាសេដ្ឋីពិភពលោក Elon Musk គ្រោងនឹងចំណាយលុយ ដើម្បីសាងសង់ទីក្រុងផ្ទាល់ខ្លួន និង ថែមទាំងបានត្រៀមឈ្មោះរួចហើយស្រេចទៀត។

ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Twitter និង ក្រុមហ៊ុន Tesla អាយុ ៥១ ឆ្នាំរូបនេះ បានទិញដីទំហំ ៣៥០០ ហិចតា ចម្ងាយប្រមាណ ៥៦ គីឡូម៉ែត្រនៅក្រៅទីក្រុង Austin នៃរដ្ឋ Texas ដោយលោកគ្រោងនឹងសាងសង់ទីក្រុងផ្ទាល់ខ្លួនមួយ។ លោក Elon Musk ក៏បានលើកឡើងឱ្យដឹងថា លោកសង្ឃឹមថា នឹងផ្លាស់ប្តូរតំបន់នេះ ទៅជាប្រភេទក្រុងក្នុងក្ដីស្រមៃនៃតំបន់រដ្ឋតិចសាស់ នៅតាមដងទន្លេ Colorado ។ លើសពីនេះទៀត លោកក៏បានបញ្ជាក់ពីមូលហេតុ ដែលជ្រើសរើសទីតាំងនោះ ព្រោះថាវានៅជាប់នឹងកន្លែង Boring និង SpaceX ដែលកំពុងដំណើរការសាងសង់។

យ៉ាងណាមិញ លោក Musk ក៏បានឱ្យដឹងទៀតថា លោកគ្រោងនឹងជួលផ្ទះនៅក្នុងទីក្រុងរបស់លោកនេះ ក្នុងតម្លៃទាបជាងតម្លៃទីផ្សារ ដូច្នេះវាអាចជាជម្រើសដ៏ល្អមួយ សម្រាប់អ្នកដែលចង់ធ្វើការនៅរោងចក្រថ្មី។ មិនតែប៉ុណ្ណោះ ផ្ទះនៃគម្រោងទីក្រុងរបស់ Elon Musk នេះដែរនឹងមានបន្ទប់គេងពី ២ ទៅ ៣ បន្ទប់ ដែលមានតម្លៃ ៨០០ ដុល្លារ ខណៈដែលផ្ទះស្រដៀងគ្នាក្នុងតំបន់នោះត្រូវបានជួលក្នុងតម្លៃ ២២០០ ដុល្លារ ហើយទីក្រុងថ្មីនេះទៀតសោត ក៏នឹងមានគ្រប់សព្វបែបយ៉ាង ដូចទីក្រុងនានា ជាពិសេស គឺ សាលារៀន។

ប្រភព ៖ UNILAD