ទីក្រុងប៉េកាំង និង ខេត្តមួយចំនួនក្នុងប្រទេសចិន នឹងរងការវាយប្រហារ ដោយព្យុះខ្សាច់ដ៏ក្រាស់ ដែលនឹងប៉ះពាល់ដល់របកគំហើញយ៉ាងធ្ងន់ធ្ងរ

សារព័ត៌មាន CNA បានចុះផ្សាយនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ នេះថា អាជ្ញាធរអាកាសធាតុចិន បានប្រកាសថា ទីក្រុងប៉េកាំង និង ខេត្តមួយចំនួនក្នុងប្រទេសចិន នឹងរងការវាយប្រហារ ដោយព្យុះខ្សាច់ដ៏ក្រាស់ ដែលនឹងប៉ះពាល់ដល់របកគំហើញយ៉ាងធ្ងន់ធ្ងរ។

មជ្ឈមណ្ឌលឧតុនិយមជាតិចិន បានចេញសញ្ញាព្រមានពណ៌លឿងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ សម្រាប់ខេត្ត Shaanxi, Shanxi, Hebei, Heilongjiang, Jilin, Liaoning, Shandong, Henan, Jiangsu, Anhui និង Hubei អំពីបញ្ហាអាកាសធាតុ ដោយអ្នកព្យាករណ៍បាននិយាយថា ៖ «តំបន់ជាច្រើននឹងពិបាកមើល ឬមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខាងរបកគំហើញ និង បានព្រមានដល់អ្នក ដែលបើកបរក្នុងល្បឿនលឿន ខណៈដែលព្យុះខ្សាច់នឹងរំកិលទៅភាគខាងត្បូងបន្តិចម្តងៗ ទើបក្រោយមកមានភាពចុះខ្សោយវិញ»។

យ៉ាងណាមិញ ទីក្រុងប៉េកាំង ក៏បានជួបប្រទះនឹងព្យុះខ្សាច់ និង ព្យុះធូលីដីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះដែរ ដែលបណ្តាលឱ្យមានកម្រិតនៃការបំពុលកើនឡើងយ៉ាងខ្លាំង។ ហើយនៅថ្ងៃទី ២២ ខែមីនានេះបើយោងតាមមជ្ឈមណ្ឌលតាមដានបរិស្ថានអេកូឡូស៊ីទីក្រុងប៉េកាំង បានកត់ត្រាសន្ទស្សន៍គុណភាពខ្យល់ចំនួន ៥០០ ដែលបានជំរុញកម្រិតការបំពុលដល់ ៦ ដោយបានចាត់ទុកថាវាមានគ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាពមនុស្ស។ មិនតែប៉ុណ្ណោះ ទីក្រុងនេះក៏ប្រឈមមុខនឹងព្យុះខ្សាច់ជាទៀងទាត់ក្នុងខែមីនា និង មេសា ដោយសារតែវានៅជិតវាលខ្សាច់ Gobi ដ៏ធំក៏ដូចជា ព្រោះតែមានការកាប់បំផ្លាញព្រៃឈើនៅទូទាំងភាគខាងជើងនៃប្រទេសចិន។

គួរដឹងដែរថា ប្រទេសចិន មានប្រព័ន្ធព្រមានអាកាសធាតុ ដែលមានកូដពណ៌បួន ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត ហើយបន្ទាប់មកមានពណ៌ទឹកក្រូច លឿង និង ខៀវ ខណៈដែលនៅថ្ងៃទី ២២ ខែមីនានេះ ទីក្រុងប៉េកាំង ត្រូវបានចេញការព្រមានអំពីព្យុះខ្សាច់ ពណ៌លឿង៕

ប្រភព ៖ CNA