ថៃប្រកាសឱ្យប្រយ័ត្ន ព្រោះរលកកម្ដៅអាចកើនដល់ជាង ៤០ អង្សាសេ ហើយមានខ្យល់ពុលទៀត

នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នេះ រដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាសឱ្យប្រជាជនខ្លួនមានការប្រុងប្រយ័ត្ន ជាពិសេសពេលចេញក្រៅផ្ទះ ក្រោយរលកកម្ដៅកំពុងកើនឡើង ដោយមានតំបន់មួយចំនួនអាចឡើងដល់ ៤០ ទៅ ៤១ អង្សាសេ ហើយកម្រិតខ្យល់ពុលក្នុងបរិយាកាសគឺនៅតែធ្ងន់ធ្ងរមិនស្រកសោះឡើយ។

យោងតាមសារព័ត៌មាន Sanook បានរៀបរាប់ឱ្យដឹងថា កម្រិតជាតិពុលនៅតំបន់ជាច្រើនគឺមានការកើនឡើងដែលវាអាចប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសប្រជាជនដែលរស់នៅក្នុងខេត្ត Chiang Mai ខេត្ត Lamphun ខេត្ត Loei ខេត្ត Nong Khai ខេត្ត Phayao និង ខេត្ត Phrae ដោយបច្ចុប្បន្ន AQI នៅខេត្តទាំងនោះគឺស្ថិតនៅចន្លោះពី ២០៦-៣០០ ដែលជាខ្យល់ពុលកម្រិតធ្ងន់ធ្ងរ។

ក្រៅពីបញ្ហាខ្យល់ពុល នាមួយរយៈក្រោយនេះរលកកម្ដៅដែលវាយលុកប្រទេសថៃ ក៏កំពុងកើនឡើងមិនចាញ់គ្នាប៉ុន្មានឡើយ ដោយបច្ចុប្បន្ននៅ តំបន់ភាគខាងជើងគឺសីតុណ្ហភាពអតិបរមា ៣៥-៤០ អង្សាសេ តំបន់ឦសាន្ដពី ៣៨-៤១ អង្សាសេ ភូមិភាគកណ្ដាល ៣៧-៤០ អង្សាសេ ភាគខាងត្បូង (តំបន់ឆ្នេរខាងកើត) ពី ៣៣-៣៧ អង្សាសេ ភាគខាងត្បូង (ឆ្នេរខាងលិច) ពី ៣៥-៣៨ អង្សាសេ និង ទីក្រុងបាងកក ព្រមទាំងតំបន់ជុំវិញពី ៣៣-៣៩ អង្សាសេ៕