អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សុំចិត្តមហាជនឈប់វាយប្រហារលើអ្នកនិយាយរឿង «អ្នកមានអ្នកក្រ» ទៀត

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាពេលថ្មីៗនេះបាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ជជែកវែកញែកពីប្រធានបទ អ្នកមានអ្នកក្រ ដែលមកទល់ពេលនេះនៅតែក្ដៅគគុក ព្រោះមានអ្នកខ្លះថាមិនគួរមើលងាយអ្នកក្រ គ្មានអ្នកណាម្នាក់ចង់ក្រ ចង់លំបាកជាដើម ចំណែកខ្លះទៀតក៏បានបញ្ចេញគំនិតតាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួន។

ទន្ទឹមទៅនឹងរឿងដែលកំពុងផ្ទុះការជជែកវែកញែកខាងលើ នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នេះ តាមរយៈផេក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញមតិផងដែរថា ៖ «កំហុសតែងតែមានជៀសមិនផុតទេ សូមពុកម៉ែបងប្អូនអនុគ្រោះឱ្យគាត់ផង កន្លងមកក៏ឃើញបងស្រីធ្វើការងារសង្គមច្រើន និង ជួយផ្ដល់កម្លាំងចិត្តដល់ស្ត្រី ដល់បងប្អូននៅក្នុងក្លឹបស្ត្រី ជាចំណែកមួយនៃការចូលរួមសង្គម»

អ្នកឧកញ៉ា បានបន្តឱ្យដឹងបែបនេះទៀតថា ៖ «ខ្ញុំគិតថាពេលនេះ ​បងស្រីប្រហែលជាគាត់យល់បានហើយ (ព្រោះខ្ញុំមិនចង់ឃើញគាត់បាក់ទឹកចិត្ត) តាមពិតចេតនាជារួមបងស្រីមានបំណងល្អទេ តែដោយសារតែការឆ្គាំឆ្គងពាក្យសម្ដីមួយពេល បើខុសឆ្គងសូមអធ្យាស្រ័យ ពុកម៉ែបងប្អូនផង។ ពេលនេះគាត់កំពុងបាក់ទឹកចិត្ត ណ្ហើយពុកម៉ែបងប្អូន ប៉ុណ្ណឹងបានហើយ ខ្ញុំស្គាល់គាត់ គាត់តែងតែមានចេតនាជួយជ្រោមជ្រែងអ្នកជុំវិញខ្លួន និង អ្នកដែលគាត់ស្គាល់មិនមានការរើសអើង មានការភ្លាំងភ្លាត់នេះ នេះក៏ជាមេរៀនសម្រាប់គាត់។ ខ្ញុំធ្លាប់ជួបរឿងបែបនេះ ខ្ញុំយល់អារម្មណ៍នេះ ជូនពរបងស្រីរឹងមាំឡើង កែប្រែនៅអ្វីដែលជាការឆ្គាំឆ្គង»