សម្ដេចតេជោ ហ៊ុន សែន ណែនាំដោយតម្រូវឲ្យសិស្សគោរពទង់ជាតិ ដោយការច្រៀងចម្រៀង «នគររាជ» គ្រប់សាលារៀនទាំងអស់

ត្បូងឃ្មុំ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីពេទ្យបង្អែកស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ បានធ្វើការណែនាំឲ្យគ្រប់សាលារៀនទាំងអស់ គួរតម្រូវឲ្យសិស្សានុសិស្សគោរពទង់ជាតិ ដោយការច្រៀងចម្រៀងបទ «នគររាជ» ដោយផ្ទាល់មាត់ មិនគួរចាក់ភ្លេងទៀតនោះទេ ក៏ព្រោះតែសម្ដេចតេជោ បានរំលឹកពីការបារម្ភ ដែលរាល់ពេលគោរពទង់ជាតិម្ដងៗ សម្ដេចតេជោ ធ្លាប់ប្រទះឃើញដោយផ្ទាល់ នៅក្នុងកម្មវិធីមួយចំនួនដែលដល់ពេលត្រូវគោរពទង់ជាតិ គឺចាក់ភ្លេងជាតិបទនគររាជ បែរជាចេញភ្លេងផ្សេងទៅវិញ​ ឬក៏ពេលខ្លះការរអាក់រអួលជាដើម។

ជាការពិតណាស់ សម្ដេចតេជោ បានលើកឡើងថា​ បទនគររាជ សម្រាប់គោរពទង់ជាតិ ដែលត្រូវបាននិពន្ធដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ហើយបទនគររាជនោះដែរ គឺពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា។ លើសពីនេះ មិនត្រឹមតែតម្រូតាមសាលារៀន ច្រៀងបទនគររាជផ្ទាល់មាត់តែមួយនោះទេ តែក៏សម្ដេចតេជោ ក៏តម្រូវឲ្យខាងកងកម្លាំងប្រដាប់អាវុធ ច្រៀងចម្រៀងគោរពទង់ជាតិ ដោយផ្ទាល់មាត់ដូចគ្នាផងដែរ ដែលសម្ដេចតេជោ បានថ្លែងមកថា៖

«បើសិនជាគ្រប់សាលាទាំងអស់ ចាប់ផ្តើមឲ្យកូនសិស្សគោរពទង់ជាតិ រួចហើយគឺឲ្យច្រៀងផ្ទាល់ [បទនគររាជ] ទាហានប្រជុំជួរក៏ត្រូវឲ្យធ្វើដូចគ្នា ដើម្បីយើងលំហាត់ឡើងវិញ នេះគឺជារឿងដែលយើងគួរធ្វើ ហើយចម្រៀងរបស់យើង មានអត្ថន័យខ្លាំងណាស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គតាក់តែង»

 សម្ដេចតេជោ ហ៊ុន សែន