ថ្មីទៀតហើយ! ចៅបង្កើតលួចលុយតាជាង ១ ម៉ឺនដុល្លារ យកទិញម៉ូតូ និង iPhone Pro ចែកពួកម៉ាកប្រើម្នាក់មួយគ្រឿង

អធិការដ្ឋាននគរបាលស្រុកត្រាំកក់មួយ នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៣ បានបញ្ជាក់ពីករណីបុរសម្នាក់លួចលុយជីតាជាង ១ ម៉ឺនដុល្លារ និង ខ្សែ-ក យកទៅទិញម៉ូតូ និង ទូរស័ព្ទឱ្យមិត្តភក្តិម្នាក់ ១ គ្រឿង ត្រូវកម្លាំងនគរបាលស្រុកត្រាំកក់ឃាត់ខ្លួនរួមទាំងបក្ខពួក ៤ នាក់។

ទាក់ទិនករណីនេះ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៤ នាក់ ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនបានលួចគាស់យកលុយអស់ជាង ១ ម៉ឺនដុល្លារ រួមទាំងខ្សែ-ក ២ ខ្សែ កាលថ្ងៃទី ២ ខែមេសាឆ្នាំ ២០២៣ កន្លងទៅ។

 

អធិការនគរបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានឱ្យដឹងថា ជនសង្ស័យរួមមាន ៖

១. ឈ្មោះមូល ពិសិដ្ឋហៅពេជ្រ ភេទប្រុសអាយុ ១៦ ឆ្នាំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវជាចៅបង្កើតជនរងគ្រោះ ជាអ្នកធ្វើសកម្មភាពលួច

ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣ គ្មានផ្លាកលេខ ១ គ្រឿង ទូរសព្ទអាយហ្វូន ១៣ ប្រូ ១ គ្រឿង ខ្សែក ២ ខ្សែ និង ប្រាក់ដុល្លារចំនួន ១ ម៉ឺនដុល្លារ។

២. ឈ្មោះ អ៊ឹង សុភានុត ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិអូឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣ គ្មានផ្លាកលេខ ១ គ្រឿង ទូរស័ព្ទអាយហ្វូន ១៣ ប្រូ ១ គ្រឿង (ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឱ្យ)

 

៣. ឈ្មោះ រ៉េន ចាន់យូរ ភេទប្រុសអាយុ ១៧ ឆ្នាំ នៅភូមិកំពង់ត្រាចទី ២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣ គ្មានផ្លាកលេខ ១ គ្រឿង ទូរសព្ទអាយហ្វូន ១៣ ប្រូ ១ គ្រឿង (ទទួលផលចោរកម្ម ឈ្មោះមូលពិសិដ្ឋជាអ្នកទិញឱ្យ)

 

៤. ឈ្មោះ ហេង មករា ភេទប្រុសអាយុ ១៧ ឆ្នាំ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣ គ្មានផ្លាកលេខ ១ គ្រឿង ទូរស័ព្ទអាយហ្វូន ១២ ប្រូ ១ គ្រឿង (ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឱ្យ)។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងសាកសួរ និង កសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕