ស្អែកនេះ នៅមុខប្រាសាទអង្គរ នឹងមានការរៀបចំបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេ» ជាផ្លូវការ

នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ នេះ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានបង្ហោះសារថា យុទ្ធនាការ Beyond The Games នឹងរៀបចំការបំបែកឯតទគ្គកម្មពិភពលោក ក្រោមប្រធានបទ «បេះដូងច្រើនជាងគេលើពិភពលោក» ជាផ្លូវការនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ ស្អែកនេះ វេលាម៉ោង ៤ រសៀលតទៅ នៅឯបរិវេណប្រាសាទអង្គរវត្ត។

គួរបញ្ជាក់ដែរថា ការបត់បេះដូងនេះគឺធ្វើដោយដៃរបស់ប្រជាពលរដ្ឋផ្ទាល់ សិស្សានុសិស្ស និង យុវជនគ្រប់ទិសទី ដោយបានរៀបចំបេះដូងទាំងនោះជា «សួនបេះដូង» លើទឹកដីអង្គរ ត្រៀមសម្រាប់បង្ហាញភ្ញៀវជាតិ និង អន្តរជាតិ ជាពិសេសគឺបង្ហាញពីកិត្យានុភាពនៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា ជាពិសេសការបត់បេះដូងនេះក៏បានបង្ហាញឱ្យឃើញពី «ភាសាបេះដូង» របស់កម្ពុជា ក្នុងការគាំទ្រដល់អត្តពលិកគ្រប់រូប ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ ផងដែរ៕

រូបភាពដោយ៖ ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, Beyond The Game និង តោះទៅលេងសៀមរាប